(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៣ បណ្តាថ្នាក់ដឹកនាំនៃអាស៊ានបូកបី ( អាស៊ាន + ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានពិភាក្សា និងបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ តាមរយៈការគាំទ្រ និងការចូលរួមចំណែករបស់ប្រទេសបូកបី ចំពោះគំនិតផ្តួចផ្តើមនានា សំដៅជួយដោះស្រាយបញ្ហាបន្ទាន់ ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ និងសម្រាប់អនាគតដូចជា៖ «កិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)», «ការបង្កើតមូលនិធិអាស៊ានឆ្លើយតបជំងឺ កូវីដ-១៩» និង «ការស្តុកបម្រុងបរិក្ខារវេជ្ជសាស្រ្តចាំបាច់នានារបស់អាស៊ានបូកបី សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ»។
កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃវៀតណាម។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល «អាស៊ានបូកបី លើកទី ២៣» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់រវាងអាស៊ានបូកបី, អង្គប្រជុំ បានបង្ហាញនូវការគាំទ្រ និងឆន្ទៈរួមយ៉ាងមុតមាំលើការស្រាវជ្រាវ, អភិវឌ្ឍ និងផលិតវ៉ាក់សាំងឱ្យសម្រេចបាននាពេលឆាប់ៗនេះ ក៏ដូចជា ការចែកចាយវ៉ាក់សាំងនេះ ឱ្យបានទាន់ពេលវេលា ក្នុងតម្លៃសមស្រប សម្រាប់ប្រជាជនទាំងអស់គ្នា។
ថ្នាក់ដឹកនាំនៃ អាស៊ានបូកបី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមជួយជ្រោមជ្រែងរបស់ប្រទេសបូកបី ក្នុងការជំរុញការស្តារ និងការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការបើកចំហររំហូរពាណិជ្ជកម្មសេរី, វិនិយោគ និងការស្តារឡើងវិញ នៃខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ ។
ក្នុងន័យនេះ,ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ គឺជាសក្ខីភាពជាក់ស្តែងនៃសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានបូកបីនេះ ក្នុងការជំរុញកំណើន, ការលើកកម្ពស់ ភាពរឹងមំា និង ភាពធន់នៃសេដ្ឋកិច្ចបន្ថែមមួយកម្រិតទៀត។ នៅក្នុងដំណាក់កាលនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញនេះ ថ្នាក់ដឹកនាំអាស៊ានបូកបី ក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃការតភ្ជាប់នៅក្នុងតំបន់ និង នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលនឹងក្លាយទៅជាសសរស្តម្ភដ៏ចម្បង នៃការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាលទ្ធផល, ក្រោមស្មារតីសាមគ្គីភាព, ការរក្សាបាននូវស្មារតី និងយន្តការពហុភាគីនិយម និងការរួបរួមជាថាមពលភាព ក្នុងការដោះស្រាយបញ្ហាកម្រិតតំបន់ និងសកល, ថ្នាក់ដឹកនាំអាស៊ានបូកបី ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈយន្តការដោះស្រាយបញ្ហានានា ដោយសន្តិវិធី, ការអនុលោមតាមគោលការណ៍នៃច្បាប់អន្តរជាតិ និងការរំសាយអាវុធនុយក្លេអែរនៅឧបទ្វីបកូរ៉េ ។
ស្របគ្នានេះដែរ, ថ្នាក់ដឹកនាំអាស៊ានបូលបី បានឯកភាពគ្នា ចំពោះការបង្កើត «ក្រុមការងារអាស៊ានបូកបីដោះស្រាយជំងឺរាតត្បាត», «ការស្តុកបម្រុងបរិក្ខារវេជ្ជសាស្រ្តចាំបាច់នានារបស់អាស៊ានបូកបី សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ» និងការដាក់ចេញនូវ «សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបីសម្រាប់ភាពរឹងមាំសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលប្រឈមទៅនឹងបញ្ហាកើតមានឡើង» ដើម្បីបង្កើនសមត្ថភាព និងពង្រឹងសហប្រតិបត្តិ- ការ ជំរុញដល់ការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងបញ្ហាប្រឈមដទៃទៀត នៅក្នុងតំបន់ និងសកល នាពេលអនាគត៕