(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៥ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃវៀតណាម។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៥ តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ បានផ្តោតការពិភាក្សាទៅលើការពង្រឹងស្មារតីសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការដោះស្រាយបញ្ហានានា ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការប្រកាន់ជំហរពាណិជ្ជកម្ម សេរី និងការតភ្ជាប់ឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម ក៏ដូចជា រំហូរវិនិយោគនៅក្នុងតំបន់ ។
ថ្នាក់ដឹកនាំអាស៊ីបូព៌ា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអនុវត្តយន្តការ នៅក្នុងតំបន់ដែលមានស្រាប់ដូចជា «ផែនការសកម្មភាពទីក្រុងម៉ានីល (២០១៨-២០២២)» និងគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីៗដូចជា ការបង្កើតប្រព័ន្ធនៃការព្រមានទុកជាមុន (Early Warning System) ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត, កិច្ចសហប្រតិបត្តិការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ, និងការបង្កើនវប្បធម៌ ចែករំលែកនៅក្នុងតំបន់ចំពោះបច្ចេកវិទ្យា, ចំណេះដឹង និងជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជា ការស្តារសង្គម-សេដ្ឋកិច្ច ឡើងវិញ ។
ថ្នាក់ដឹកនាំនៃប្រទេសអាស៊ីបូព៌ាបានសម្ដែងនូវការគាំទ្រ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងអនាគតមួយប្រកប ដោយសន្តិភាព, វិបុលភាព, ស្ថេរភាព, ចីរភាព និងបរិយាប័ន្ន ដោយប្រកាន់ខ្ជាប់នូវស្មារតីពហុភាគីនិយម និងការដោះស្រាយបញ្ហាសកល ដោយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
ក្នុងស្មារតីនេះ, ថ្នាក់ដឹកនាំអាស៊ីបូព៌ាបានគាំទ្រនូវការរក្សាសុខសន្តិភាព និងដំណោះស្រាយដោយសន្តិវិធីនៅក្នុងឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង ក៏ដូចជានៅតំបន់វិវាទដទៃទៀត ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំអាស៊ីបូព៌ាបានគូសបញ្ជាក់ពីសារសំខាន់នៃការស្រាវជ្រាវ និងផលិតវ៉ាក់សាំងនៃជំងឺកូវីដ-១៩ ក៏ដូចជាការកំណត់ថាវ៉ាក់សាំងនេះនឹងក្លាយជា «ទំនិញសាធារណៈសកល (Global Public Goods)» ដែលនឹងត្រូវបានចែកចាយដោយសមធម៌ និងក្នុងតម្លៃសមរម្យ។ ថ្នាក់ដឹកនាំអាស៊ីបូព៌ាក៏បានសម្តែងនូវឆន្ទៈមោះមុត ក្នុងការបម្លែងវិបត្តិនេះ ឱ្យក្លាយទៅជាឱកាសនៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងបរិបទនៃការស្តារសង្គម-សេដ្ឋកិច្ចឱ្យកាន់តែប្រសើរ និងរឹងមាំ ។
ជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៥, ថ្នាក់ដឹកនាំអាស៊ីបូព៌ា បានសម្រេចអនុម័តឯកសារសំខាន់ចំនួន ៥៖
១៖ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីខួបអនុស្សាវរីយ៍លើកទី ១៥ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា,
២៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូល អាស៊ីបូព៌ាស្តីពីចីរភាពសមុទ្រ,
៣៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការពង្រឹងសមត្ថភាពរួម ក្នុងការបង្ការ និង ការឆ្លើយតបចំពោះជំងឺរាតត្បាត,
៤៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីសហប្រតិបត្តិការក្នុងការបង្កើនកំណើននៃសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយស្ថិរភាព,
៥៖ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្ដីពីស្រ្តី, សន្តិភាព និសន្តិសុខ៕