(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រពន្ធ័វីដេអូ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មខ្លាំង ចំពោះការសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពជើងទឹក នៅមូលដ្ឋានកងទ័ពជើងទឹករាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោក រ៉ូបឺត អូប្រាយអិន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសម្តែងការព្រួយបារម្ភនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥។
លោក រ៉ូបឺត អូប្រាយអិន លើកឡើងថា «អាមេរិកក៏មានការព្រួយបារម្ភផងដែរ អំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសំរាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម នៅឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងតំបន់»។
ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំអាស៊ីបូព៌ាលើកទី ១៥ និងបានឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជាមានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋមន្រ្តីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខក៏នឹងពុំមានដែរនូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មានបូរណភាពទឹកដីពេញលេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀត ក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ និងមិនអាចកាន់ផ្តាច់បាន ក្នុងការកែលម្អមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវា ចរណ៍របស់ខ្លួន ដើម្បីបំពេញសេចកី្តត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ គឺដោយហេតុផលនេះហើយ ដែលមជ្ឈមណ្ឌលសមុទ្ររបស់យើងនៅឯមូលដ្ឋានទ័ពជើងទឹករាមត្រូវបានផ្លាស់ទៅទីតាំងថ្មី ប៉ុន្តែក៏នៅតែស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា។
លោកសង្កត់ធ្ងន់ថា «ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថា មជ្ឈមណ្ឌលនេះត្រូវបិទចោល នាយករដ្ឋមន្រ្តីរបស់ខ្ញុំ បានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។ យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋ អាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយនេះមិនរារាំងយើង ក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន»។
សូមជម្រាបថា កាលពីចុងខែតុលា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងបញ្ជាក់ថា ទាំងពួកបរទេស និងជនជាតិខ្មែរមួយចំនួន ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺមានបំណងចង់ឈានទៅធ្វើរដ្ឋប្រហារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធុញទ្រាន់នឹងពួកបរទេស និងខ្មែរមួយចំនួន ដែលចោទរឿងវត្តមានទ័ពចិននៅកម្ពុជា។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានស្នើពួកបរទេស និងខ្មែរ ដែលចោទលើរឿងនេះ បញ្ចេញភស្តុតាង បើមិនបញ្ចេញទេ គឺមានន័យថាកំពុងភូតកុហក។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា នៅកម្ពុជា មានតែចិនជាអ្នកវិនិយោគ តែគ្មានកងទ័ពចិននោះទេ៕