(បន្ទាយមានជ័យ)៖ ជនក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់មានចំនួន១៥០គ្រួសារ មកពីក្នុងក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បានទទួលអំណោយពីព្រឹទ្ធសភា រដ្ឋសភា និងសប្បុរសជន តាមរយៈអភិបាលក្រុងសេរីសោភ័ណ នៅសាលាក្រុងសិរីសោភ័ណ។
ក្នុងពិធីចែកអំណោយនោះលោក អ៉ី ឡុង សមាជិករដ្ឋសភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចតែងតែសម្ដែងការព្រួយបារម្ភ និងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចាប់ពីទឹកជន់លិចខេត្តរហូតដល់ទឹកស្រករដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាស្បៀងជំរកដោះស្រាយ ដល់បងប្អូនប្រជាពលរដ្ឋមានជនក្រីក្រ ចាស់ជរា និងជនរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាកជាច្រើនម៉ឺនគ្រួសារកន្លងមក។
លោកបញ្ជាក់ថា ម៉្យាងទៀតទីណាដែលបងប្អូនជួបទុក្ខលំបាករដ្ឋបាលខេត្ត ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់ខេត្ត ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និងឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។
លោកក៏បានសំណូមពរ និងណែនាំប្រជាកសិករទាំងអស់ថា «ត្រូវចាប់ផ្តើមបង្កបង្កើនផល ក្នុងការស្តារឡើងវិញនូវដំណាំស្រូវរបស់បងប្អូន ហើយបងប្អូនត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាជំងឺកូវីដ១៩ គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ពីព្រោះថា ជំងឺកូវីដ១៩នេះ វាមិនភ្លេចយើងទេ មានតែយើងគ្រប់គ្នាទេភ្លេចជំងឺកូវីដ»។
សូមជម្រាបផងដែរថា ក្នុងនោះលោក អ៉ី ឡុង បានធ្វើការចែកអំណោយក្នុង១គ្រួសារទទួលបានអង្ករ ១០គីឡូ, មី២កេះ, ទឹកស៉ីអ៉ីវទឹកត្រី២យួរ, ត្រីខ១យួរផងដែរ៕