(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រុមហ៊ុន KrisEnergy ដែលទទួលបានសិទ្ធិក្នុងប្រតិបត្តិការបូមប្រេងកាត ប្លុក A បានដាក់ពាក្យស្នើសុំពន្យារ ពេលបូមប្រេងកាតពីតំបន់អប្សរា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ដោយហេតុផលជួបប្រទះបញ្ហាប្រឈម ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ចំពោះការស្នើសុំនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិនិត្យសំណើនេះផងដែរថាតើគួរតែអនុញ្ញាត ឬយ៉ាងណា។ នេះបើតាមការបញ្ជាក់របស់ លោក ជៀប សួរ។
លោកអគ្គនាយកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន KrisEnergy កំពុងដាក់ស្នើសុំពន្យារ ដែលការពន្យារនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយរាជរដ្ឋាភិបាលមិនទាន់សម្រេចយ៉ាងណានោះទេ ដោយកំពុងពិនិត្យមើលសំណើរបស់ក្រុមហ៊ុនេះ។ បញ្ហាជាក់ស្តែង គឺកើតឡើងដូច្នេះមែន ដោយសារកូវីដ១៩ បានប៉ះពាល់ដល់ការនាំចូលឧបករណ៍សម្ភារៈ»។
លោកបញ្ជាក់បន្ថែមថា «តាមលក្ខខណ្ឌប្រសិនបើយើងអនុញ្ញាតឲ្យពន្យារពេលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយក្រុមហ៊ុនមិនអាចផលិតបានទេ យើងអាចមានសិទ្ធិក្នុងការពិន័យ។ បន្ទាប់មកមានរយៈពេលមួយទៀត គឺថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុននៅតែមិនអាចផលិតទៀតនោះ យើងអាចដកហូត ឬបញ្ចប់កិច្ចព្រមព្រៀង ក្នុងករណីដែលរាជរដ្ឋាភិបាលអនុញ្ញាត ឲ្យក្រុមហ៊ុនពន្យាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
យ៉ាងណាក៏ដោយលោក ជៀប សួរ នៅតែបង្ហាញជំនឿចិត្តថា ការបូមប្រេងលើកដំបូងរបស់កម្ពុជា នឹងអាចសម្រេចបាននៅឆ្នាំ២០២០នេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៃប្រតិបត្តិការបូមប្រេងត្រូវបានក្រុមហ៊ុន KrisEnergy បំពាក់រួចរាល់អស់ហើយ។
លោកបន្តទៀតថា «គិតមកដល់ពេលនេះ អ្វីៗបានមកដល់ទីតាំងប្លុកអស់ហើយ ក្រុមហ៊ុនកំពុងធ្វើការខួងអណ្តូងបណ្តើរៗ យើងសង្ឃឹមថាក្រុមហ៊ុនអាចនឹងបូមប្រេងចេញលើកដំបូងក្នុងពេលឆាប់ៗនេះ ដែលប្រេងដំបូងនេះមិនទាន់មានលក្ខណៈជាពាណិជ្ជកម្មនៅឡើយ។ លក្ខណៈពាណិជ្ជកម្ម ទាល់តែក្រុមហ៊ុនខួងបានអណ្តូងទាំង៥ នៃប្លុក A តំបន់អប្សរានេះ»។
សូមជម្រាបថា កម្ពុជាបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ៕
រូបភាពជាក់ស្តែងនៅទីតាំងបូមប្រេង របស់ក្រុមហ៊ុន KrisEnergy