(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះព្រឹត្ដិការណ៍នៃការបោះឆ្នោតសហរដ្ឋអាមេរិក ដែលពលរដ្ឋអាមេរិកាំងក៏ដូចបណ្ដាប្រទេសនានាលើពិភពលោក កំពុងបើកភ្នែកតាមដានយ៉ាងយកចិត្ដទុកដាក់ អំពីជោគជ័យគណបក្សប្រជាធិបតេយ្យរបស់ លោក ចូ បៃដិន ដែលបានឈ្នះឆ្នោតយ៉ាងភ្លូកដីភ្លូកដី ក្នុងខណៈគណបក្សសាធារណរដ្ឋរបស់ លោក ដូណាល់ ត្រំា កំពុងឡាំប៉ាដោយទាត់ចោលលទ្ធផលបោះឆ្នោត ក្រោមបទចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត ឬយ៉ាងនេះយ៉ាងនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា «ប្រជាធិបតេយ្យគឺគ្មានស្ដង់ដា» ទេ ពីព្រោះ មិនថាប្រទេសមហាអំណាច ឬមិនមហាអំណាចនោះទេគឺអ្នកចាញ់តែងតែរកលេសយ៉ាងនេះ ឬយ៉ាងនោះ ឡាំប៉ាដូចតែគ្នាហ្នឹងឯង។
បើដូចនេះចំពោះ លោក ដូណាល់ ត្រំា ដែលបានបដិសេធនូវលទ្ធផលបោះឆ្នោត ហើយដែលប្រជាពលរដ្ឋអាមេរិកាំង បានកេណ្ឌគ្នាចុះផ្លូវថ្នល់នៅតាមបណ្ដារដ្ឋនានាយ៉ាងសន្ធោសន្ធៅនេះ គឺច្បាស់ណាស់ ប្រជាធិបតេយ្យគ្មានពុម្ព សម្រាប់ឲ្យប្រទេសនានា យកជាគម្រូនោះទេ។ ម្យ៉ាងទៀតចំពោះមហាបាតុកម្មនេះ ធ្វើឲ្យសមត្ថកិច្ចអាមេរិកបង្រ្កាបយ៉ាងសាហាវផងដែរ គឺពុំឃើញមានប្រទេស ឬអង្គការជើងឯកណា ហ៊ានចេញមុខមកធ្វើសេចក្ដីថ្លែងការណ៍ ឬអំពាវនាវអ្វីនោះទេ? នេះជាការកត់សម្គាល់ដោយអស់សំណើច លោក រ័ត្ន សណ្ដាប់។
លោក រ័ត្ន សណ្ដាប់ បន្ដថាដោយប្រជាធិបតេយ្យជាបញ្ហាប្រឈមតាមប្រទេសនីមួយៗអីចឹងហើយ ទើបអតីតលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងអះអាងយ៉ាងច្បាស់ថា ចំពោះការបដិសេធនូវលទ្ធផលបោះឆ្នោតរបស់ លោក ដូណាល់ ត្រំា ដែលបានប្រព្រឹត្ដកាលពីថ្ងៃទី៣ វិច្ឆិកាមកនេះ គឺមិនត្រឹមបំផ្លាញភាពស្របច្បាប់នៃអនាគតរដ្ឋបាលថ្មីរបស់ លោក ចូ បៃដិន ប៉ុណ្ណោះនោះទេ ប៉ុន្ដែវាជាការបំផ្លាញប្រជាធិបតេយ្យសហរដ្ឋអាមេរិកផងដែរ។ បើហេតុនេះចំពោះបញ្ហាប្រជាធិបតេយ្យ គឺវាអាស្រ័យលើព្រំដែនរដ្ឋធម្មនុញ្ញ ឬច្បាប់ប្រទេសនីមួយៗ។
លោក រ័ត្ន សណ្ដាប់ បានបន្ដថា ក្នុងន័យនេះយើងឃើញ លោក ចូ បៃដិន ក៏បានថ្លែងប្រកាសព័ត៌មានជាសាធារណៈថា លោកបានជាប់ឆ្នោតរួចហើយ ដោយសារលទ្ធផលជាក់ស្ដែងគឺ លោកបានទទួលសន្លឹកឆ្នោតជាង៧៦លាន (៧៦,៣២៦,៧២៨) សំឡេងស្មើនឹងប្រតិភូតំណាងចំនួន៣០៦ ដែលលើសពីចំនួនត្រូវការឈ្នះ២៧០ ប៉ុណ្ណោះ។ រីឯលោក ត្រាំ វិញបានទទួលតែជាង៧១លាន (៧១,៤៣០,៤៣០ ) សំឡេងស្មើនឹងប្រតិភូតំណាង ២៣២ប៉ុណ្ណោះ។ គឺដាច់ឆ្ងាយណាស់។ ត្រង់ចំណុចនេះ បើពិនិត្យអំពីសាវតារសន្លឹកឆ្នោតប្រជាប្រិយហៅថា «Popular Vote» លោក ចូ បៃដិន គឺជាបេក្ខជនទី១ ដែលជាប់ឆ្នោតទទួលបានសំឡេងលើសបេក្ខជនប្រធានាធិបតីណាៗទំាងអស់ ។
ជាបន្ដបន្ទាប់នេះ មានមេដឹកនាំនៃប្រទេសធំៗជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសចិន បារំាង អង់គ្លេស អ៉ីតាលី អាល្លឺម៉ង់ កាណាដា ឥណ្ឌា អង្គការអូតង់ ប្រទេសអ៉ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត ដែលសុទ្ធតែជាដៃគូជិតស្និទ្ធ បានប្រកាសជាចំហស្វាគមន៍ លោក ចូ បៃដិន ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់អាមេរិក។ អ្វីសំខាន់ដែលនោះផងដែរ លោកអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ ដែលល្បីឈ្មោះគឺ លោក George W Bush ក៏បានប្រកាសទទួលស្គាល់ការជាប់ឆ្នោតនេះដែរ។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើហេតុនេះចំពោះបញ្ហាប្រឈមដ៏ក្ដៅគគុកនៅអាមេរិកនេះ នៅក្រោមមេឃលើដីនេះ នរណាក៏ដឹងដែរថា អាមេរិកាំងបានចាត់ទុកខ្លួនឯង ជាមហាប្រទេស មហាប្រជាធិបតេយ្យ ដូចនេះ លោក ចូ បៃ ដិន ក៏យល់ដូចគ្នាអញ្ចឹងដែរ! គាត់នឹងមិនបណ្ដោយឲ្យការបោះឆ្នោតពេលនេះ ក្លាយជាល្បែងលេងសើចរបស់ លោក ត្រំា ទ្បើយ។
ដោយស្ថិតក្នុងបរិការនេះ គាត់បានរៀបចំក្រុមការងារអន្ដរកាលរបស់គាត់ និងរៀបគម្រោងផែនការយុទ្ធសាស្រ្ដរបស់រដ្ឋបាលគាត់ជាបណ្ដើរ ៗផងដែរ មានជាអាទិ៍៖
ទី១៖ យុទ្ធនាការទប់ទល់នឹងកូវីដ-១៩។
ទី២៖ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ច។
ទី៣៖ ពិនិត្យពីបរិបទសមភាពនិងសេរីភាពរវាងស្បែកសនឹងស្បែកខ្មៅ ដែលថ្មីៗនេះបានប៉ះទង្កិចគ្នាផ្ទុះជាមហាបាតុកម្ម ហើយបានក្លាយជាអំពើហិង្សាទូទំាងប្រទេស។
ទី៤៖ សម្រួលទ្បើងវិញនូវនយោបាយការបរទេស ដែលមានភាពចម្រួងចម្រាសក្នុងរជ្ជកាលលោក ត្រំា ។
បើដូច្នេះជាការពិតណាស់ អស់រយៈពេលជាង២៥ ទសវត្សរ៍ហើយ ដែលអាមេរិកាំង បានឆ្លងកាត់ការដឹកនំារបស់ប្រធានាធិបតីទី៤៥ ហើយគេ នៅតែដឹកនំាមហាប្រទេសនេះទៅមុខបានជានិច្ច គ្រាន់តែថាប្រធានាធិបតីខ្លះខ្សោយ ខ្លះខ្លាំង ដែលក្នុងនោះ មានសារព័ត៌មានខ្លះ បានលើកទ្បើងថា លោក ត្រាំ ជាប្រធានាធិបតីដែលមានបញ្ហាច្រើនជាងគេ ! ៕