(ប៉ៃលិន)៖ ប្រជាកសិករមានការរអ៊ូរទាំ និងព្រួយបារម្ភយ៉ាងខ្លាំង ខណៈតម្លៃទីផ្សារស្វាយកែវរមៀតមានការធ្លាក់ចុះ ដែលធ្វើឲ្យប្រឈមនឹងបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ។
ជាក់ស្តែងលោក ជា អាយុ៥៥ឆ្នាំ និងអ្ន កស្រី ភៀន អាយុ៥០ឆ្នាំ រស់នៅក្រុងប៉ៃលិន បានដាំស្វាយកែវរមៀតចំនួនជិត ៥០០ដើម នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងប្រមូលផលបានជាង ៨តោន លក់ឱ្យឈ្មួញដឹកយកទៅលក់បន្តនៅប្រទេសថៃ ប៉ុន្តែតម្លៃមិនដូចឆ្នាំមុនទេ។
បើតាមការរៀបរាប់ពីឈ្មួញម្នាក់ឈ្មោះ ជាន ធុច អាយុ៣៦ឆ្នាំ រស់នៅក្រុងប៉ៃលិន តម្លៃទីផ្សារស្វាយកែវរមៀតខៀវ (ខ្ចី) ឥឡូវមានការធ្លាក់ចុះជាងឆ្នាំមុន ដោយគាត់ទិញពីកសិករ ក្នុង១គីឡូក្រាមតម្លៃ៥០០ ទៅ៨០០រៀលប៉ុណ្ណោះ ខណៈពេលឆ្នាំមុនគាត់ ហ៊ានទិញក្នុងតម្លៃខ្ពស់ដោយ១គីឡូក្រាម ១២០០រៀល ទៅ១៥០០រៀលក្នុង១គីឡូក្រាម។
គាត់បន្តទៀតថា បើតម្លៃទីផ្សារមានការធ្លាក់ចុះបែបនេះ ធ្វើឱ្យប្រជាកសិករមានការលំបាក និងព្រួយបារម្ភខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ ព្រោះទីផ្សារទាប គាត់ហ៊ានទិញពីកសិករក្នុងតម្លៃ ទាបដូចគ្នា ពោលគឺ ក្នុងការដឹកនាំចេញទៅលក់ដូរនៅថៃ។
ប្រជាកសិករសំណូមពរដល់ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាជួយយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យដំណាំកសិកម្មនេះមានតំលៃផងចុះដើម្បី កាត់បន្ថយចំណាកស្រុកដោយ ខុសច្បាប់។
លោក ឃឹម ប៉េងថុង ប្រធានច្រកទ្វារអន្តជាតិព្រុំ ខេត្តប៉ៃលិន បានប្រាប់ថា ទោះបីកសិករ មានការត្អូញត្អែរដំណាំកសិកមកម្មចុះថោកយ៉ាងណាក៏ដោយ លោកនឹងខិតខំយកចិត្តទុកដាក់ធ្វើការ ទំនាក់ទំនង ជាមួយភាគីថៃដើម្បីជួយសម្រួលដល់កសិករខ្មែរយើងការនាំកសិផលចូលក្នុងប្រទេសថៃ ឲ្យមានទីផ្សារគ្រាដែលកសិករយើងជួបនៅគ្រោះធម្មជាតិទឹកជំនន់៕