(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្វាយរៀង (សម័យប្រឡង ២១ ធ្នូ ២០២០) ខាងមុខនេះមាន ២ស្រុក ក្រុងគឺក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ សរុប៧មណ្ឌល (ស្រុកស្វាយជ្រំ ១មណ្ឌល និងក្រុងស្វាយរៀង ៦មណ្ឌល) ស្មើនឹង ១៦៧បន្ទប់ ថ្នាក់វិទ្យាសាស្រ្ត មាន ២មណ្ឌល ស្មើនឹង ៣៤បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ៦មណ្ឌល ស្មើនឹង ១៣៣បន្ទប់ បេក្ខជនសរុប ៤១៥២អង្គ-នាក់ ស្រី ២១៣៦នាក់។
ការថ្លែងបែបនេះ ខណៈដែលលោក តូច ប៉ូលីវ៉ា តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានីខេត្តក្រុងស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង ២១ ធ្នូ ២០២០) និងត្រៀមរៀបចំផែនការការងារ រៀបចំមណ្ឌលប្រឡង ការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់មណ្ឌលប្រឡង និងសុវត្ថិភាពលើផ្លូវជាតិដែលនៅជិតមណ្ឌលប្រឡងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានថ្លែងជំរុញដល់ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ត្រៀមកម្លាំងការពារហឹបវិញ្ញាសា និងរៀបចំកម្លាំងសមត្ថកិច្ចចុះផ្ដល់ព័ត៌មាន និងសហការដល់ម្ចាស់អាជីវកម្មថតចម្លង សុំបិទពីព្រឹកថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ និងសូមមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរៀបចំក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ នៅតាមមណ្ឌលទាំង៧។
លើសពីនេះលោកអភិបាលរងខេត្តរូបនេះ ក៏បានស្នើដល់មន្ទីរទេសចរណ៍ខេត្ត រៀបចំក្រុមការងារចុះត្រួតពិនិត្យ សហការជាមួយអាជ្ញាធរក្រុងស្រុក ជួបជាមួយម្ចាស់អាជីវកម្មលក់ដូរនៅជុំវិញ មណ្ឌលប្រឡងឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាលហើយលោក លោកស្រីនាយក នាយិកា វិទ្យាល័យ បឋមសិក្សាទាំង៧ សូមជួយរៀបចំសម្អាតបន្ទប់ប្រឡង បន្ទប់ទឹក បង្គន់អនាម័យ ទីធ្លាមណ្ឌលប្រឡងអោយមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភណ្ឌភាពល្អ និងមានផាសុកភាព និងត្រៀមលោកគ្រូ អ្នកគ្រូ ម្នាក់រឺពីរនាក់ត្រៀមសហការសម្រលសម្រួល ជាមួយប្រធានមណ្ឌល គណៈមេប្រយោគ នាសម័យប្រឡងផងដែរ។
លោកបានបន្ថែមថាមន្ទីរធម្មការ និងសាសនា ជួយរៀបចំសាមណេរ ព្រះសង្ឃ ដើម្បីរៀបចំត្រួតពិនិត្យ បេក្ខជនជាព្រះសង្ឃមុនចូលទៅក្នុងមណ្ឌលប្រឡង និងសូមរៀបចំកិច្ចសហការជាមួយ ព្រះចៅអធិការវត្ត រៀបចំវត្តអារាមដែលជិតមណ្ឌលប្រឡង កន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលខ្វះខាតលទ្ធភាព៕