(កំពង់ឆ្នាំង)៖ ការប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងខេត្តកំពង់ឆ្នាំង កំពុងកើតមានគ្រប់រូបភាពបើទោះជាកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល និងសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជានេសាទនៅតាមសហគមន៍នេសាទជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ការប្រើឧបករណ៍ល្មើសច្បាប់គ្រប់ប្រភេទនៅតែកើតមាន ទាំងរដូវបិទនេសាទ និងរដូវបើកនេសាទ ករណីទាំងនេះផ្ដើមចេញពីជនខិលខូចដែលតែងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការវិនាសហិនហោច នៃពូជមច្ឆាជាតិនោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របាំងស្បៃមុងត្រូវបានគេដាក់ផ្ជិតព្រែកជាច្រើនកន្លែង នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកជលគិរី ដែលជាច្រកចរាចរណ៍ចេញចូល របស់ហ្វូងមច្ឆាជាតិ ឯការដាក់របាំងធ្នួសផ្ចិតព្រែករបៀបនេះក៏ត្រូវបានច្បាប់ហាមមិនឲ្យមានជាដាច់ខាត ដោយសារតែព្រែកនីមួយៗ គឺជាច្រកសម្រាប់ត្រី ចរាចរណ៍ចេញចូលរកកន្លែងពងកូន ព្រោះថានៅរដូវទឹកឡើង នៅពេលដែលទឹកហូរចូលព្រែក ហ្វូងមច្ឆាជាតិទាំងអស់ត្រូវឡើងតាមព្រែកទៅរកទីបឹង ត្រពាំង និងទីវាល ទំនាបដើម្បីពងកូន នៅពេលរដូវសំរកហ្វូងត្រីទាំងអស់នោះ ក៏ត្រូវនាំកូនចុះតាមព្រែកមករកទឹកជ្រៅក្នុងទន្លេវិញ ដើម្បីចិញ្ចឹមកូនឲ្យរស់រៀន និងបន្តពូជពង្សជាបន្ត ទៀតផងដែរ។
ប៉ុន្តែក្រុមនេសាទល្មើសច្បាប់ទាំងនោះ ពួកគេពុំមានចិត្តសន្ដោសប្រណីដល់ហ្វូងមច្ឆាជាតិទាំងអស់នោះទេ គឺពួកគេបានដាក់របាំងធ្នួសផ្ជិតព្រែកទាំងរដូវទឹកឡើងទាំងរដូវសម្រក។ នៅរដូវទឹកឡើង ដែលទឹកហូរចូលព្រែកប្រឡាយ ហ្វូងមច្ឆាជាតិបាននាំគ្នាឡើងតាមប្រឡាយទៅរកទីបឹងបួរ ត្រពាំង ឬទីវាលទំនាប ដើម្បីពងកូនក៏ត្រូវក្រុម ល្មើស ទាំងអស់នោះ ពួកគេបានចាប់ផ្ដើមធ្វើធ្នួស ដោយយកស្បែមុងរាំងបិទផ្ជិតព្រែកទាំងអស់នោះ ធ្វើជាដាយស្ទាក់ចាប់មេត្រីគ្រប់ប្រភេទទាំងតូចទាំងធំ ដែលឡើងទៅរក កន្លែងពងកូន ដោយមិនលើកលែងឡើយ។
ដោយឡែកនៅរដូវទឹកសម្រក នៅពេលដែលទឹកត្រពាំងបឹងបួរ ចាប់ផ្ដើមស្រកត្រូវហូរចូលទន្លេតាមព្រែកវិញ ហ្វូងមច្ឆាជាតិទាំងអស់ក៏ត្រូវនាំកូនចៅ ត្រឡប់មករកទឹក ជ្រៅក្នុងទន្លេវិញ ដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្ស តែក៏ត្រូវបានក្រុមនេសាទល្មើសច្បាប់ទាំងនោះ ធ្វើរបាំងធ្នួសរាំងផ្ជិតព្រែក ដោយពួកគេបានប្រើឧបករណ៍ ស្បៃមុង ដើម្បី ស្ទាក់ចាប់ទាំងកូនទាំងមេថែមទៀត។ បទល្មើសនេសាទទាំងអស់នេះ បានធ្វើឲ្យវិនាសហិនហោចនូវពូជមច្ឆាជាតិ ក្នុងបឹងទន្លេសាបដោយសារតែស្នាដៃ ក្រុមល្មើស មួយចំនួនតូចដែលមានចិត្តអប្រិយឃោរឃៅ បាននាំគ្នាធ្វើការនេសាទផ្តាច់ពូជមច្ឆាជាតិជារៀងរាល់ឆ្នាំ។
បើតាមការបញ្ជាក់ពីប្រជានេសាទបានឲ្យដឹងថា ព្រែកដែលគេដាក់របាំធ្នួសស្បៃមុងស្ទាក់ចាប់ត្រីទាំងអស់មាន៨ព្រែក នៅក្នុងស្រុកជល់គិរី ហើយការដាក់របាំង ផ្ជិតព្រែករបៀបនេះ គឺមានទំហំបំផ្លាញមច្ឆាជាតិ មានភាពធំធេងណាស់ នឹងមានផលប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពរបស់ប្រជានេសាទរស់នៅតាមដងទន្លេផងដែរ។
ពួកគាត់បានឲ្យដឹងទៀតថា បច្ចុប្បន្នពួកគាត់ដែលជាអ្នកនេសាទជាលក្ខណៈគ្រួសារ យកមងសន្ទូច ឬក៏ដាក់លបតែ៣លប មានព្រួលឬស្សីត្រឹមតែ២ ទៅ៣ផែនដាក់នៅ តាម បឹងត្រពាំងខាងលើព្រែករបស់ពួកគេ ក៏ត្រូវបានពួកគេចូលទៅសារលប និងព្រួលទាំងអស់នោះយកមកបោះចោលផងដែរ។ ដោយគេមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ រកនេសាទត្រីនៅបឹងបួរ ដែលជាប្រភពត្រី ត្រៀមបណ្ដើរកូនវិលមកទន្លេវិញតាមព្រែក ដែលពួកគេបានដាក់របាំងស្បៃមុងលាតសន្ធឹងរងចាំពួកហ្វូងមច្ឆា នៅឯមាត់ទន្លេ រួចជាស្រេចនោះ។
ជុំវិញករណីដែលក្រុមជនខិលខូច រកស៊ីនេសាទល្មើសច្បាប់ ដោយប្រើឧបករណ៍របាំងស្បៃមុងដាក់ផ្ជិតព្រែកទាំង៨ខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកនឹងរៀបចំកម្លាំងខណ្ឌរដ្ឋបាលជលផល ចុះរុះរើបំផ្លាញចោលនៅរាល់បទល្មើសដាក់ធ្នួសបិទផ្ជិត ព្រែក ទាំង៨កន្លែង នៅក្នុងពេលឆាប់ៗនេះដោយមិនទុកឱ្យជនខិលខូចមួយចំនួនតូចបន្តបំភ្លេចបំផ្លាញមច្ឆាជាតិនោះឡើយ៕