(រតនគិរី)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះត្រួតពិនិត្យផ្លូវជួសជុលបន្ទាន់ក្រោយរដូវវស្សាជាង ៥គីឡូម៉ែត្រ តភ្ជាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៧៨ ក្នុងសង្កាត់កាចាញ ក្រុងបានលុង រហូតដល់រមណីដ្ឋានទេសចរណ៍ក្នុងឃុំចាអ៊ុង ស្រុកអូរជុំ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីលោក សាយ សាមាន បានប្រាប់ភ្នាក់ងារ Fresh News ថា ដោយមើលឃើញស្ថានភាពផ្លូវមានការលំបាកក្រោយរដូវវស្សានោះ លោក ថង សាវុន បានណែនាំឲ្យរូបលោកដាក់គ្រឿងចក្រជួសជុលបន្ទាន់ ដើម្បីពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរ។
លោកថា «តំបន់ខាងលើនេះជារមណីដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវក្នុងខេត្តក៏ដូចមកពីបណ្តាលរាជធានីភ្នំពេញ និងខេត្តផ្សេងៗ ចូលទៅសម្រាកលំហែកាយគយគន់មើលទេសភាព ធម្មជាតិយ៉ាងស្រស់ ត្រកាលមានក្បូរក្បាច់ប្រពៃណីបងប្អូនជនជាតិតាំងពីដើមរៀងមក»។
ប្រធានមន្ទីរបន្តទៀតថា ផ្លូវប្រវែង ៥.៦២០ម៉ែត្រ ដែលបានជួសជុលរួចរាល់នេះ គឺមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ដោយពួកគេជួយក្រុមការងារកាយអាចម៌ដី ជួយពង្រីកចិញ្ចើមផ្លូវមុខផ្ទះដើម្បីឲ្យក្រុមការងារជួសជុលបន្ទាន់បង្ហើយការងាររួចរាល់រយៈពេលខ្លី។
ជាមួយគ្នានេះលោក សាយ សាមាន ក៏បានសំណូមពរទៅអាជ្ញាធរឃុំចាអ៊ុងឲ្យជួយមើលខ្លាចក្រែងបងប្អូនប្រជាពលរដ្ឋខ្លះ កាយអាចម៌ដីលុបចង្អូរបង្ហូរទឹកតាមសងខាងផ្លូវស្ទះ ផ្លូវទឹកហូរនាំឲ្យផ្លូវនោះឆាប់ខូច។
តំណាងប្រជាពលរដ្ឋលោកស្រី ត្រេន មិ ជំទប់ទី១ ឃុំចាអ៊ុង បានថ្លែងអំណរគុណលោក ថង សាវុន អភិបាលខេត្ត ដែលបានចាត់ក្រុមការងាមន្ទីរសាធារណការ និងដឹកជញ្ជូនដាក់គ្រឿងចក្រ ជួសជុលបន្ទាន់ ដែលសរឲ្យឃើញថា អាជ្ញធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់បំរើ ប្រជាពលរដ្ឋមិនឲ្យជួបការលំបាកនោះទេ។
លោកស្រី ត្រេន មិ ជំទប់ទី១ ឃុំចាអ៊ុង បន្តថា ក្រោយពីផ្លូវជួសជុលរួចហើយ ប្រជាពលរដ្ឋក្នុងឃុំធ្វើដំណើរទៅក្រុង បាននិងសិស្សានុសិស្សដែលត្រូវទៅរៀនមានភាពងាយស្រួល។ ជាពិសេសប្រសិនបើនៅពេលយប់មានស្ត្រីឈឺពោះឆ្លងទន្លេ គឺធ្វើដំណើរទៅមណ្ឌលសុខភាពនៅក្រុងបានលុង ដោយគ្មានការព្រួយបារម្មណ៍តាមផ្លូវ។
បន្ថែមលើនេះទៀតលោក ត្រេន មិ សំណូមពរទៅលោក ថង សាវុន និងមន្ទីរអង្គភាពជំនាញនៅពេលក្រោយជួយចាក់ក្រាលកៅស៊ូផង៕