(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលផ្សាយដោយ វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ការផលិតស្រូវ និងការនាំចេញអង្ករពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី មានការសង្ស័យជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
ក្រៅតែពីការច្រោនចោលព័ត៌មានមិនពិតនេះហើយ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ជូនថា រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត កិច្ចសហប្រតិបត្តិការទ្វេភាគី យ៉ាងល្អប្រសើរ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៧ រៀងរហូតមកទល់ពេលនេះ ដោយបានផ្តល់ជំនួយហិរញ្ញប្បទាន ឥតសំណង យ៉ាងច្រើនដល់កម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពបច្ចេកទេសវិជ្ជាជីវៈលើកកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មផងដែរ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់គ្មានហេតុផលរបស់ឈ្មោះ ខៀវ ដារ៉ា និងការផ្សព្វផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី ដែលមានលក្ខណៈញុះញង់ ដោយគ្មានការវិភាគប្រកបដោយវិជ្ជាជីវៈទាល់តែសោះ ដែលបង្កឧបសគ្គដល់ការរីកចម្រើន នៃវិស័យកសិកម្មកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មទាំងស្រុង៖