(ភ្នំពេញ)៖ ទីបំផុតទៅ លទ្ធផលធ្វើតេស្តរកកូវីដ១៩ ជាលើកទី៤ និងជាលើកចុងក្រោយ ដែលធ្វើឡើងលើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១,៤២២នាក់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា អ្នកធ្វើតេស្តទាំងអស់នេះ នៅក្នុងរាជធានីភ្នំពេញ ១,៣៤៥នាក់ ក្រៅពីនោះនៅតាមបណ្តាខេត្តពាក់ព័ន្ធ។
លទ្ធផលនេះ ជាដំណឹងល្អបំផុត និងបានក្លាយជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ហើយអ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័កទាំងអស់ នឹងអាចដើរហើរជាធម្មតាឡើងវិញបាន ដោយ មិនមានការព្រួយបារម្ភដូចមុនទៀតទេ។
ការធ្វើតេស្តជាលើកទី៤នេះ មានទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងឥស្សរជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលលទ្ធផលបានបង្ហាញថា អវិជ្ជមាន។
លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ការធ្វើតេស្តលើកទី៤ ពិសេសចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះគឺបញ្ចប់តែម្តង។ ក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។
ព្រឹត្តិការណ៍៣វិច្ឆិកា បានកើតឡើងចាប់តាំងពីរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ស៉ីចាតូ (Péter Szijjártó) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ទៅដល់ទីក្រុងបាងកក ប្រទេសថៃ។
ដើម្បីធានាបានថា មេរោគកូវីដ១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក ហើយក្នុងចំណោមនោះ ក្រសួងសុខាភិបាល បានរកឃើញមានមនុស្ស៤នាក់ បានឆ្លងជំងឺកូវីដ១៩ ពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ប៉ុន្តែ្កក្នុងនោះក៏មានឥស្សរជនមួយរូបផងដែរ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់៕