(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងអភិបាលរាជធានី-ខេត្តទាំងអស់ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់។
ក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត, លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សេចក្តីសម្រេចបានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បើទោះបីអនុញ្ញាតឱ្យបើកឡើងវិញយ៉ាងណាក្តី តែលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានជម្រាបរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារពិសេសណែនាំទៅអាជ្ញាធរពាក់ព័ន្ធ រួមទាំងអភិបាលរាជធានី-ខេត្ត ដោយអនុញ្ញាតឱ្យបើកឡើងវិញសារមន្ទីរ និងរោងភាពយន្ត។
ក្នុងសារពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការបើកសាលារៀន, បើកពហុកីឡដ្ឋានជាតិ, រៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញផងដែរ៕