(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវ ដល់ក្រុមហ៊ុនសហគ្រាសឯកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ព្រោះឈាមមានសារៈសំខាន់បំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកវេជ្ជបណ្ឌិត ហៃ សុខហេង ចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីអ្នកស្ម័គ្រចិត្តជាង១០០នាក់។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហៃ សុខហេង បានឲ្យដឹងទៀតថា ក្នុងកំឡុងពេលកូវីដ-១៩នេះ ចំនួនអ្នកស្ម័គ្រចិត្ត មកបរិច្ចាគឈាមនៅនឹងកន្លែង បានថយចុះ ប្រមាណ៧០ភាគរយ។

លោកបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ មកដល់ពេលនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជួបការលំបាក ក្នុងការប្រមូលអំណោយឈាម ដោយសារតែការរាតត្បាតកូវីដ១៩។តែទោះជាយ៉ាងណា ក៏មានបងប្អូនក្រុមគ្រួសាររបស់អ្នកជំងឺ ដែលត្រូវការឈាម បានមកចូលរួមធ្វើអំណោយឈាម ជាបន្តបន្ទាប់ផងដែរ។

ទាក់ទងនឹងការបរិច្ចាគឈាមនេះដែរ លោក Kamata Keiya នាយកប្រតិបត្តិ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ បានថ្លែងថា ការរៀបចំបរិច្ចាគឈាមនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃការបរិច្ចាគឈាម។

លោក Kamata Keiya បានគូសបញ្ជាក់ថា នេះជាការធ្វើអំណោយឈាមលើកទី៦ហើយ របស់មន្ទីរពេទ្យសាន់រ៉ាយ។ ក្នុង១ឆ្នាំ ការបរិច្ចាគឈាមនេះ ធ្វើឡើង២ដងចាប់ពីឆ្នាំ២០១៨មក។ កម្មវិធីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់ប្រជាជនខ្មែរ។

លោកបានបន្ដថា យើងជាមន្ទីរពេទ្យជប៉ុន ដែលមានពលរដ្ឋខ្មែរធ្វើការ ដូច្នេះការបរិច្ចាគឈាមនេះ មានសារៈសំខាន់ណាស់ ដើម្បីជួយជនជាតិខ្មែរ ជាពិសេសពេលកំពុងមានវិបត្តិកូវីដ-១៩នេះ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហៃ សុខហេង តំណាងឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ដែលបានរៀបចំធ្វើអំណោយឈាមជារៀងរាល់ឆ្នាំ។ នេះជាការចូលរួមកិច្ចការមនុស្សធម៌ដ៏ប្រពៃ៕