(ក្រចេះ)៖ លោក ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយ លោកស្រី ត្រឹង ថាវី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការី នៅ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារមានជីវភាពខ្វះខាត និងកុមារកំព្រា សរុប ៦៥គ្រួសារ នៅភូមិខ្សាច់លាវ ភូមិពន្ធតាជា និងភូមិកោះខ្ញែរ ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ។
ក្នុងឱកាសនោះ លោកធិន គ្រី បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាលំបាកនានាពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះទៀត កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង មេម៉ាយក្រីក្រមានកូនច្រើន ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម។
បន្ទាប់មក លោកក៏បានជម្រាបពីការរីករាលដាលពីជំងឺកូវីដ១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារ៉ុង១, មុង១, ភួយ១, ក្រម៉ា១, អាវយឺត៤, សម្ភារៈផ្ទះបាយ១ឈុត និងថវិកា ៥០,០០០រៀល ជាអំណោយរបស់សាខាខេត្តក្រចេះ ដោយឡែក លោកស្រី ត្រឹង ថាវី ក៏បានផ្តល់ជូននូវ អាវរងារ១ ក្រម៉ា១ និងថវិកា២០,០០០ រៀលផងដែរក្នុងមួយគ្រួសារ៕