(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេ។
លោកថ្លែងបែបនេះ បន្ទាប់ពីវិទ្យុអាស៉ីសេរី ដែលបម្រើឲ្យក្រុមឧទ្ទាមបានផ្សាយថា មន្ត្រីនៃសង្គមស៉ីវិល គឺអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការមូលនិធិខ្លូនី មានទីតាំងនៅអាមេរិក ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាលុបចោលបទញុះញង់ចេញពីក្រមព្រហ្មទណ្ឌ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានថ្លែងថា អ្នកដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គឺជាក្រុមដែលមាននិន្នាការប្រឆាំង ដែលប្រព្រឹត្តបទល្មើសច្រើនពេក ហើយរត់ពីសំណាញ់ច្បាប់អត់រួចតែប៉ុណ្ណោះ ទើបស្នើបែបនេះ។
លោក ជិន ម៉ាលីន បានបកស្រាយយ៉ាងដូច្នេះថា៖ «បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិ មិនមែនជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌ នៃបណ្តាប្រទេសជឿនលឿន និងប្រជាធិបតេយ្យដទៃទៀតផងដែរ។
លោកបន្ថែមថា «ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះគន់ និងទាមទារឱ្យលុបច្បាប់ចោល»។
បើតាមលោក ជិន ម៉ាលីន, ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាន និងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល។
លោកសំណូមពរថា ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាព ដែលជាអំពើល្មើសច្បាប់ក្រោមរូបភាព និងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់ និងទាមទារឱ្យមានការកែប្រែ ឬលុបចោលបញ្ញត្តិនៃច្បាប់នេះ៕