(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង១២លានដុល្លារ។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ «EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០២កន្លែង។
២៖ «SHANDA (CAMBODIA) TEXTILE CO., LTD» គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១៤កន្លែង។
៣៖ «CHARMGO (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥១៨កន្លែង៕