(ភ្នំពេញ)៖ លោក សាម៉ន បណ្ឌិត្យ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
លោក សាម៉ន បណ្ឌិត្យ ជាមន្ត្រីមួយរូបដែលបានបម្រើការងារនៅក្រសួងព័ត៌មានជាយូរឆ្នាំមកហើយ។ ក្នុងតួនាទីជាមន្ត្រីក្រសួងព័ត៌មាន លោកបានចូលរួមធ្វើសកម្មភាពជាច្រើនជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ជាមួយនឹងការទទួលបានប្រោសព្រះរាជទានពីព្រះមហាក្សត្រខ្មែរ នូវតួនាទីថ្មីក្នុងក្រសួងព័ត៌មាននេះ លោក សាម៉ន បណ្ឌិត្យ បានក្រាបបង្គំព្រះបរមរាជានុញ្ញាតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រខ្មែរ។
លោក សាម៉ន បណ្ឌិត្យ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចំពោះរូបលោក និងបានទូលថ្វាយព្រះមហាក្សត្រខ្មែរ ផ្តល់តួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មានជូនរូបលោក។
លោក សាម៉ន បណ្ឌិត្យ តាមរយៈអង្គការភាពព័ត៌មាន Fresh News បានបង្ហាញការប្តេជ្ញាចិត្តរបស់លោកប្រឹងប្រែងបំពេញតួនាទីភារកិច្ច រាជរដ្ឋាភិបាល និងក្រសួងផ្តល់ជូន ដើម្បីជួយលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់លោក ខៀវ កញ្ញារីទ្ធ ដែលជាសេនាធិការផ្ទាល់របស់សម្តេចតេជោលើវិស័យសារព័ត៌មាននេះ៕