(មណ្ឌលគិរី)៖ លោក ប៊ុន សុភក្តិរឹទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) បានលើកឡើងថា ការប្រកួតប្រជែងមិនស្មោះត្រង់នៅ ក្នុងធុរកិច្ចវិស័យប្រេងឥន្ធនៈ អាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

ការលើកឡើងបែបនេះរបស់លោក ប៊ុន សុភក្តិរឹទ្ធ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយស្តីពី ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ កិច្ចការពារអ្នកប្រើប្រាស់បទបញ្ញត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផលិតផល ប្រេងឥន្ធនៈដល់អាជីវករ ម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈនៅក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការរួមពីសំណាក់លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី, លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក ណាល់ វិចិត្រ ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជីវករ ម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈនៅក្នុងខេត្តជាច្រើនរូប។

ជាមួយគ្នានេះដែរ លោក ប៊ុន សុភក្តិរិទ្ធ បានឱ្យដឹងថា ដើម្បីការពារអ្នកប្រើប្រាស់អំពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹងការអនុវត្តច្បាប់ គឺជាការងារអាទិភាព ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ត្រូវបានចាត់ចូលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដូច្នេះ ការធ្វើអធិការកិច្ចទៅលើស្ថានីយ៍ចែកចាយប្រេងឥន្ធនៈ ត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់ សំដៅធានាការដាក់លក់ឱ្យបានត្រឹមត្រូវក្នុងបរិមាណ គុណភាព និងតម្លៃលក់រាយ។

លោកបញ្ជាក់ថា គោលបំណង នៃពិធីផ្សព្វផ្សាយនេះ ដើម្បីជំរុញការអនុវត្តស្មោះត្រង់នៅក្នុងអាជីវកម្ម ធានាទីផ្សារនៅក្នុងស្រុក ប្រកបទៅដោយទំនុកចិត្តពីអ្នកប្រើប្រាស់ និងលើកស្ទួយកិត្យានុភាពជាតិ ការធានាការធ្វើអាជីវកម្មប្រកបដោយសុចរិត និងមិនមែនដាក់បន្ទុកទៅលើវិស័យឯកជន មិនមានតម្រូវឱ្យបង់ថ្លៃសេវាត្រួតពិនិត្យ ហើយគោលដៅត្រូវអធិការកិច្ច គឺស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស និងអនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការ ក្នុងករណីមិនរាងចាល។

លោក ជាក់ ម៉េងហ៊ាង បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ដែលកន្លងមកបានខិតខំក្នុងការត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយក្នុងខេត្ត ដើម្បីពិនិត្យនូវបរិមាណ គុណភាព និងតម្លៃលក់រាយជាដើម ហើយក្នុងនោះរដ្ឋបាលខេត្ត ក៏បានធ្វើការគាំទ្រនូវការផ្សព្វផ្សាយស្តីពី ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ កិច្ចការពារអ្នកប្រើប្រាស់បទបញ្ញត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផលិតផលប្រេងឥន្ធនៈឡើង។

អភិបាលរងខេត្ត ក៏បានជំរុញដល់អាជីវករដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ មិនត្រូវគេចវេសនោះឡើយ ហើយសុំឱ្យមន្រ្តីជំនាញ ត្រូវចុះត្រួតពិនិត្យទៅតាមស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ ឱ្យមានប្រសិទ្ធភាព គុណភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់៕