(តាកែវ)៖ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការតម្លៃ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀត តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាល ខេត្តនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់មន្ត្រីប្រចាំការនៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តតាកែវ ត្រូវតែរួមសហការគ្នា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័សបំផុតទៅតាមច្បាប់ដែលបានកំណត់។
លោក អ៊ូច ភា បានបន្តថា គោលដៅនៃការបង្កើតច្រកចេញចូលតែមួយ ក្រៅពីការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន ឆាប់រហ័ស វាក៏នឹងជួយកាត់បន្ថយការចំណាយ ទៅលើការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋដែលមករកសេវាផ្សេងៗ ហើយក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់មន្រ្តី និងភាពទំនួលខុសត្រូវលើការងារ របស់ខ្លួនផងដែរ ជាពិសេសគឺលុបបំបាត់នូវអំពើពុករលួយផ្សេងៗ ដែលកន្លងមកតែងតែលិចលឺពីការរត់ការសេវាជាថ្នូ និងការចំណាយក្រោមតុ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវ ក៏បានណែនាំបន្ថែមទៀតដល់ប្រធានច្រកចេញចូលតែមួយ និងមន្ទីរជំនាញត្រូវរួមសហការគ្នា និងខិតខំប្រឹងប្រែងបម្រើ សេវាជូនប្រជាពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ និងតាមបទដ្ឋានគតិយុត្តិ ត្រូវប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋដោយភាពស្និទ្ធិស្នាល ក្នុងនាមជាអ្នកបម្រើសេវា ជូនប្រជាពលរដ្ឋ នឹងមិនត្រូវធ្វើឲ្យមានការថ្នាំថ្នាក់ចំពោះប្រជាពលរដ្ឋដែលមករកសេវានោះទេ៕