(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង០១៖៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែកងទ័ព ក្នុងភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃនេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះស្នាក់នៅបណ្តោះអាសន្ន នៅភូមិឃុំកើតហេតុខាងលើ ប្រកបមុខរបរដើរអាឈើងាប់ៗ តាមចំការដែលគេឈូសចោល។
លោកអធិការស្រុកបានបន្តថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីជាមួយគ្នាម្តងរួចមកហើយ ក្នុងវង់ផឹកស៊ីតាំងពីពេលថ្ងៃត្រង់។ លុះដល់ពេលយប់ ទំនាស់ក៏នៅតែបន្តកើតឡើងដដែល ហើយជនរងគ្រោះនៅតែពោលពាក្យឌឺដងឱ្យជនសង្ស័យ ធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ស្ទុះយកកាំបិតផ្គាប់កាប់ ទៅលើជនរងគ្រោះចំកញ្ចឹងក និងស្លឹកត្រចៀកបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ទោឱ សេង បានបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័មានបំណងរត់គេចខ្លួន តែក្រោមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុក បានសហការជាមួយទាហានកងពលតូចអន្តរាគមន៍លេខ៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងយប់ និងបាននាំខ្លួនមកកាន់អធិការស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។
ករណីនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសយុវជន បើមានទំនាស់កើតឡើង សូមកុំប្រើពាក្យសំដីឌឺដងផ្លែផ្កា សុទ្ធតែបាញ់មក កាប់មក ប៉ះអ្នកចិត្តធ្ងន់មិនអីទេ ប៉ុន្តែបើប៉ះអ្នកចិត្តស្រាលឆេវឆាវនោះ នឹងធ្វើឱ្យយើងមានគ្រោះថ្នាក់ ឬស្លាប់បាត់បង់ជីវិតដូចករណីនេះមិនខាន៕