(ឧត្តរមានជ័យ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងរដ្ឋបាលខេត្តឧត្តរមានជ័យ កំពុងប្រឹងប្រែងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន។
ឆន្ទៈនេះបានបង្ហាញឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រធានមន្ទីរ អង្គភាពនានា ជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិភាក្សាអំពីការអង្កេតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
កិច្ចប្រជុំពិភក្សានេះ គឺក្នុងគោលបំណងដើម្បីធានាបាន នូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យដំណើរការដោយរលូន និងទទួលបានជោគជ័យ ពិសេសវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រឡង។
លោកអភិបាលខេត្តឧត្តរមានជ័យ បានស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវជួយសហការសហការគ្នាឲ្យបានល្អ ក្នុងនោះដែរមន្ទីរសុខាភិបាល ក៏ត្រូវរៀបចំអាល់កុលលាងដៃ ម៉ាស រថយន្តសង្គ្រោះនៅតាមមណ្ឌល និងការរក្សាគម្លាតសុវត្ថិភាពក្នុងបន្ទប់ប្រលងជាដើម។
លោកអភិបាលខេត្តឧត្តរមានជ័យ និងប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ សង្ឃឹមយ៉ាងមុតមាំថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទោះជាមានបញ្ហាជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការនៃការប្រឡង នឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន។
អាជ្ញាធរខេត្ត បានថ្លែងនូវការអរគុណចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ ដែលបានជួយឧបត្ថម្ភម៉ាសចំនួន ២,៥០០ ម៉ាស ក្នុងដំណើរការប្រឡងផងដែរ លើសពីនេះទៀតសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្ដរមានជ័យ ក៏បានជួយសម្រួលដល់ការផ្ញើម៉ូតូ ដោយមិនយកថវិកាពីសិស្សផងដែរ៕