(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបជាមួយ លោក Pradeep Wagle តំណាងស្តីទីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីជជែកសិក្សាស្វែងយល់អំពីបញ្ហាចំនួន៣។
ជំនួបជជែកពីបញ្ហាទាំង៣ ដែលបានធ្វើឡើងនៅការិយាល័យរបស់លោក សួន សេរីរដ្ឋា រួមមាន៖
១៖ ភាពចាំបាច់ នៃការចុះបញ្ជីស្វ័យអត្តសញ្ញណជនជាតិដើម្បីភាគតិចនៅកម្ពុជា សិទ្ធិស្របច្បាប់ ផលប្រយោជន៍ច្បាប់ និងផលប្រយោជន៍ស្របច្បាប់ របស់ជនជាតិដើមភាគតិចនៅកម្ពុជា
២៖ ផលលំបាក ការប្រឈម និងបញ្ហា ដំណើរការនៃការកំណត់អត្តសញ្ញាណ (ទទួលខុសត្រូវដោយក្រសួងអភិវឌ្ឍន៍ជនបទ) ការចុះបញ្ជីជានីតិបុគ្គល (ទទួលខុសត្រូវដោយក្រសួងមហាផ្ទៃ) និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព (ទទួលខុសត្រូវដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់)
៣៖ ការស្នើសុំប្រើប្រាស់រូបសញ្ញាក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចូលក្នុងសៀវភៅរបាយការណ៍ របស់ការិយាល័យ OHCHR ឆ្នាំ២០២០ ស្តីពីសិទ្ធិ និងការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News អំពីលទ្ធផលនៃជំនួបខាងលើ លោក សួន សេរីរដ្ឋា បានបញ្ជាក់ទៀតថា «ចប់កិច្ចជួបពិភាក្សា យើងបានសម្រេចការយោគយល់ និងផ្លាស់ប្តូរនូវគន្លឹះអនុសាសន៍មួយចំនួន ដើម្បីបន្តកិច្ចសហប្រតិការណ៍និងបន្តភាពជាដៃគូរយូរអង្វែងតទៅមុខទៀត»។
ចំណែកការប្រឈមមុខ និងការលំបាកទាក់ទង និងការងារ ចុះបញ្ជីដីសមូហភាព ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំនិងផ្តល់អនុសាសន៍ឲ្យខាងអង្គការដៃគូរសហការណ៍ ធ្វើការងារនេះជាមួយខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាក្រសួងជំនាញ៕