(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ក្នុងគោលបំណងបើកកិច្ចប្រជុំនេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅភូមិឆ្ងាយៗងាយស្រួលទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពរដ្ឋមានភាពរីកចម្រើន។

ជាមួយគ្នានេះដែរលោក វ៉ា ថន បានលើកឡើងថា តបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

លោកអភិបាលបានបន្តថា សម្រាប់ខេត្តក្រចេះ រដ្ឋបាលមូលដ្ឋានមួយចំនួន នៅពុំទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដូចជាព្រំប្រទល់ភូមិ ឃុំសង្កាត់ និងស្រុក ក្រុង ដែលធ្វើឱ្យជួបការលំបាកក្នុងគ្រប់គ្រង និង ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និងពេលខ្លះបង្កបញ្ហាទំនាស់ព្រំប្រទល់ពីភាពមិនច្បាស់លាសនេះផងដែរ។

បន្ថែមពីនេះ លោក វ៉ា ថន បានគូសបញ្ជាក់ថា ដូច្នេះ អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឱ្យបាននូវលិខិតជម្រាបជូនរបស់ក្រសួងមហាផ្ទៃ ឱ្យបានប្រសើរបំផុតក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋានក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួនដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់កាសិកស្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល។

លោក វ៉ា ថន ក៏បានក្រើនរំឮកដល់អាជ្ញាធរដែនដី នៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនលើការងារកំណត់ព្រំប្រទល់ភូមិសាស្រ្តឱ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំនូវផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕