(ស្ទឹងត្រែង)៖ នៅសល់តែ ៧ខែទៀត នឹងចេញពីពន្ធនាគារមានសេរីភាពឡើងវិញបែរជាទណ្ឌិតម្នាក់ បានស្លាប់ដោយតែជំងឺគាំងបេះដូង នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមមន្ត្រីអនុរក្សពន្ធនាគារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា ជនរងគ្រោះជាទណ្ឌិតឈ្មោះ សេក សុភ័ក្ក អាយុ៣៥ឆ្នាំ មានស្រុកទំពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និង៦ខែ ពីបទជួញដូរគ្រឿងញៀន។
មន្ត្រីអនុរក្សពន្ធនាគាររូបនេះ បានបន្តថា ទណ្ឌិតរូបនេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ ពោលនៅសល់តែ ៧ខែទៀតប៉ុណ្ណោះនឹងត្រូវទទួលបានសេរីភាពវិញ។ ទាក់ទិនការស្លាប់ របស់ទណ្ឌិតខាងលើជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេស ពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្នាមទ្រុឌ នៅកញ្ជឹងក ចំនួន៤ចំណុចតូចៗតែស្លាកស្នាមនោះ មិនអាចបណ្តាលឱ្យស្លាប់បាននោះទេ។
លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវេជ្ជៈបណ្ឌិត ហុង ហៃ និងកញ្ញាវេជ្ជៈបណ្ឌិត ញឹម ចាន់លក្ខិណា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រីឯសាកសពឪពុកម្ដាយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕