(កណ្តាល)៖ វគ្គបណ្តុះបណ្តាលជំនាញទប់ស្កាត់បាតុកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានបើកវគ្គបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលតាមការិយាល័យជំនាញ នីមួយៗសរុបចំនួន ១២៩នាក់ ដែលប្រព្រឹត្តិទៅក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលវគ្គនេះត្រូវសិក្សាក្នុងរយៈពេល១ខែពេញ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីលើកកម្ពស់សមត្ថកិច្ចចំណេះដឹង និងជំនាញបន្ថែមទៀតដល់កម្លាំងក្នុងកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បាតុកម្មណាមួយដែលកើតមានជាយថាហេតុ។ ដូច្នេះកងកម្លាំងទាំងអស់ ដែលមានឈ្មោះចូលរួមហ្វឹកហាត់ក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតីហ្វឹកហ្វឺន ជំនាញទប់ស្កាត់បាតុកម្មនេះ ពីគ្រូបង្គោល ដើម្បីយកជំនាញនេះ ទៅអនុវត្តជាក់ស្តែងរាល់ពេលមានបាតុកម្មណាមួយបានកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការផ្តាំផ្ញើដល់លោក លោកស្រីនាយការិយាល័យនីមួយៗ ដែលមានមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហាត់ ត្រូវយកចិត្តទុកដាក់ តាមដាន បញ្ជីវត្តមាន ហាមអវត្តមាន គឺមិនត្រូវឲ្យបាត់មុខពេលហ្វឹកហ្វឺន ក្នុងករណីមន្ត្រីណាមានធុរៈ ឬឈឺថ្កាត់ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ៕