(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣នាក់ ទៅចូលរួមបរិច្ចាគឈាមជួយដល់កុមារម្នាក់ឈ្មោះ យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។

ការចាត់ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅបរិច្ចាគឈាមជួយដល់ប្អូនប្រុសខាងលើនេះ ធ្វើឡើងក្រោយពេលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឃើញសារព័ត៌មានមួយប្រកាស ស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជួយដល់ប្អូនប្រុសដែលកំពុងខ្វះឈាម។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានកោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែរកុមារក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់ និងយកចិត្តទុកដាក់ព្យាបាល បន្តទៅមុខទៀត។

លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ថែមទាំងសរសេរឲ្យដឹងថា លោកក៏ចាត់ឲ្យក្រុមការងារនាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១,០០០,០០០រៀល ភេសជ្ជៈ០៣កេស ចាហួយ០១កេស ដើម្បីសួរសុខទុក្ខកុមារ យី សេងឡុង ផងដែរ៕