(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសសមាជិកអាស៊ានថា វិបត្តិកើតចេញពីការរាតត្បាតជំងឺកូវីដ១៩ មិនបានរារាំងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជានោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានុក្រមទាំងរដ្ឋបាលសាធារណៈ និងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។
«ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់ របស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់បំផុត»។ លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា វិបត្តិកូវីដ១៩ មិនបានរារាំងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តតាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា កម្ពុជា បានសហការជាមួយប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានាដែលបានកំណត់ ដើម្បីចៀសផុតពីវិបត្តិសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែលបង្កឡើងដោយមេរោគកូវីដ១៩៕