(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភបង់អង្គុយសរុបចំនួន១៤០ ដល់សាលាស្រុកសំពៅលូន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួនចំនួន១៥កន្លែងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការផ្ដល់បង់អង្គុយជូនស្ថាប័នផ្សេងៗក្នុងខេត្តទាំង២នេះ គឺដើម្បីរួមចំណែកលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាផ្ដល់កន្លែងអង្គុយប្រកបដោយផាសុកភាពជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ»។
លោក យន់ សង្ហា អភិបាលរងស្រុកសំពៅលូន បានថ្លែងថា៖ «ការផ្ដល់ជូនបង់អង្គុយជាច្រើនដល់ស្ថាប័នផ្សេងៗក្នុងខេត្តបាត់ដំបងនេះ ជាការផ្ដល់ជូនចំគោលដៅបំផុត ព្រោះបង់អង្គុយទាំងនេះ នឹងផ្ដល់ជាកន្លែងអង្គុយដ៏សមរម្យបំផុតនៅរដ្ឋបាលមូលដ្ឋាន សម្រាប់បងប្អូនប្រជាពលរដ្ឋអង្គុយរង់ចាំធ្វើសេវាសាធារណៈផ្សេងៗ»។
បង់អង្គុយចំនួន១៤០ ត្រូវបានដាក់ពង្រាយនៅ១៥ទីតាំងរួមមាន ស្នងការដ្ឋានគរបាលខេត្តប៉ៃលិន សាលាស្រុកសំពៅលូន សាលាឃុំសំពៅលូន មន្ទីរពេទ្យយោធាភូមិភាគទី៥ សាលាឃុំតាស្ដា សាលាឃុំសន្តិភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ សាលាឃុំអង្គរបាន សាលាឃុំសិរីមានជ័យ បុស្តិ៍គីឡូម៉ែត្រ៩ ប៉ុស្តិ៍ភ្នំព្រឹក ប៉ុស្តិ៍កូនភ្នំ ប៉ុស្តិ៍ចក្រី បុស្តិ៍ចម្ការស្រូវ បុស្តិ៍គីឡូម៉ែត្រ១៣។
គួរបញ្ជាក់ថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២០នេះ ខ្មែរ ប៊ែវើរីជីស បានផ្តល់បង់អង្គុយសរុបចំនួន១៩០ សម្រាប់អង្គុយនៅទីតាំងចំនួន១៧ ក្នុងខេត្តឧត្តរមានជ័យ តាកែវ បាត់ដំបង និងប៉ៃលិន៕