(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជាច្រើនរូបចុះពិនិត្យសកម្មភាពការទិញ-លក់ស្រូវ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យារបស់សហគមន៍កសិកម្មខ្យងស័ង្គសាមគ្គីមានជ័យ ស្ថិតនៅឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ការចុះពិនិត្យសកម្មភាពការទិញ-លក់ស្រូវនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងនូវការចូលរួមអបអរជាមួយបងប្អូនប្រជាកសិករ ដែលបច្ចុប្បន្ននេះកំពុងតែមានសកម្មភាពញាប់ដៃញាប់ជើងក្នុងការប្រមូលផលស្រូវ ពិសេសចំពោះស្រូវដែលប្រមូលបានគឺមានក្រុនហ៊ុនឈទិញដោយផ្អែកតាមកិច្ចសន្យាផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការសោកស្តាយជាមួយបងប្អូនប្រជាកសិករ ចំពោះគ្រោះធម្មជាតិដោយទឹកជំនន់ទឹកភ្លៀង ដែលធ្វើឲ្យផលដំណាំរងការខូចខាត ហើយសម្រាប់ខេត្តព្រះវិហារមិនមានករណីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចបណ្តាលខេត្តមួយចំនួននោះទេ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា និងណែនាំឲ្យក្រសួងពាក់ពន្ធ័ និងអាជ្ញាធរដែនដី ចុះសិក្សាពីផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីធ្វើការស្តារឡើងវិញបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ នេះសហគមន៍ខ្យងស័ង្គសាមគ្គីមានជ័យបានចុះកិច្ចសន្យាផលិត ផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន០២ លើបរិមាណដូចជា៖ ១.មានសមាជិកសហគមន៍ ៣៦៥គ្រួសារ បានចុះកិច្ចសន្យាផលិត-លក់ ស្រូវរួមគ្នាតាមរយៈសហគមន៍ជូនក្រុមហ៊ុនហ្គោលឌិនរាយ (Golden Rice) នូវបរិមាណស្រូវសរុប ១,៤១២,០១៥គីឡូក្រាម (ផ្ការំដួលសើម១ ២៦៩ ៩៤៥គីឡូក្រាម, ផ្កាម្លិៈក្រហម ១៣១,៦០០គីឡូក្រាម និងស្រូវសរ ១០,៥០០គីឡូក្រាម), ២.សមាជិកសហគមន៍១០៣គ្រួសារ បានចុះកិច្ចសន្យាផលិត-លក់ស្រូវរួមគ្នាតាមរយៈសហគមន៍ជូនក្រុមហ៊ុន Signature of Asia បរិមាណសរុប ២០៦,៨៦៥គីឡូក្រាម (ផ្ការំដួលស្ងួត ២០១,៤៦៥គីឡូក្រាម និងស្រូវសរ ៥,៤០០គីឡូក្រាម)។
លោកបញ្ជាក់បន្ថថា ចំពោះតម្លៃស្រូវសរីរាង្គផ្តល់ដោយក្រុមហ៊ុន Golden Rice រួមមាន៖ ១.ស្រូវផ្ការំដួលសើមលេខ០១ តម្លៃ ១,២៧០រៀលក្នុង១គីឡូក្រាម, ២.ស្រូវផ្ការំដួលសើមលេខ០២ តម្លៃ ១,២៣០រៀលក្នុង១គីឡូក្រាម, ៣.ស្រូវក្រអូបផ្កាម្លិៈក្រហមសើម លេខ០១ តម្លៃ ១,៣២០រៀលក្នុង១គីឡូក្រាម, ៤.ស្រូវក្រអូបផ្កាម្លិៈក្រហមសើម លេខ០២ តម្លៃ ១,២៨០រៀលក្នុង១គីឡូក្រាម, ៥.ស្រូវក្រអូបផ្កាម្លិៈក្រហមស្អួត លេខ០១ តម្លៃ ១,៤៧០រៀលក្នុង១គីឡូក្រាម, ៦.ស្រូវក្រអូបផ្កាម្លិៈក្រហមស្ងួត លេខ០២ តម្លៃ ១,៤៣០រៀលក្នុង១គីឡូក្រាម។
លោក ពឹង ទ្រីដា បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុបចំនួន៣៣សហគមន៍ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គលក់ជូនក្រុមហ៊ុនចំនួន៤ ក្នុងបរិមាណស្រូវ២២,១៩៥តោន ក្នុងនោះមានសមាជិកសហគមន៍ផលិតសរុប៦,១៩៧គ្រួសារ លើផ្ទៃដីសរុប២០,២៩៦ហិកតា៕