(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កូវីដ១៩ បានជះឥទ្ធិពលខ្លាំងមកលើសេដ្ឋកិច្ចពិភពលោក និង ដោយឡែកពលរដ្ឋកម្ពុជាខ្លះ ដែលមានជីវភាពក្រីក្រស្រាប់ទៅហើយនោះក៏រឹតតែលំបាកខ្លាំងមួយកម្រិត ទៀត។
លោកបានបន្ថែមថា បែបនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានគិតគូ ចំពោះពលរដ្ឋក្រីក្រ ខ្វះខាតទាំងអស់ដែល មានប្រមាណជា ៧០ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រដូវកូវីដ១៩នេះ ដែលបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២០។
លោកបន្តថា ក្នុង១ខែៗរាជរដ្ឋាភិបាលបានចំណាយអស់ប្រមាណជាង ៣១លានដុល្លារអាមេរិក ហើយកម្មវិធី ផ្តល់ប្រាក់ឧត្ថម្ភសម្រាប់រដូវកូវីដ១៩នេះ អាចនឹង បិទបញ្ចប់នៅចុងឆ្នាំ២០២០នេះ តែរាជរដ្ឋាភិបាលក៏អាច នឹងពិចារណាក្នុងការបន្តការឧបត្ថម្ភបន្តទៀតក្នុងករណីដែលចាំបាច់ណាមួយនោះ។
ជាថ្មីម្តងទៀត លោក វង សូត នៅតែបន្តអំពាវនា វដល់ពលរដ្ឋសូមកុំភ្លេចខ្លួនក្នុងការបន្តការការពារចំពោះជំងឺកាចសាហាវកូវីដ១៩នេះ ឱ្យបានជាប់លាប់បំផុត ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលដូចជា ត្រូវពាក់ម៉ាសការពារ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាល់កុល ជែល រក្សា គម្លាតសុវត្ថិភាព ហើយបើមានអាការៈ កណ្តាស ក្អកញឹកញាប់ ក្តៅខ្លួនខ្លាំងជាដើម សូមប្រញាប់ទៅរក សេវាសុខាភិបាលដើម្បីឱ្យគ្រូពេទ្យពិនិត្យសុខភាពជូន ដោយមិនត្រូវសម្ងំនៅតែក្នុងផ្ទះឡើយ។ ការធ្វើបែប នេះ គឺដើម្បីការពារខ្លួនឯងផង គ្រួសារផង និងសហគមន៍ផងពីជម្ងឺកូវីដ១៩។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងខណៈលោក និងលោកស្រី លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំង លោក លោកស្រីមួយចំនួនទៀត បានផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីមួយ ដើម្បីប្រមូល បច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តបុទុមប្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបច្ច័យដែលទទួលបាននាពេលនេះមាន២០០លានរៀល។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ក៏មានការចូលរួមពី លោក លោកស្រី មន្ត្រីអ្នកមុខអ្នកការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប និងបានប្រារព្ធ ពិធីក្រុងពាលី ធ្វើបទនមស្សការព្រះរតនៈ ត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនាប្រកបដោយសទ្ធាជ្រះថ្លាបំផុត ចំពោះវិស័យព្រះពុទ្ធសាសនា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លុះព្រឹកថ្ងៃ ថ្ងៃសៅរ៍ទី២៨ ខែឆ្នាំដដែល ពុទ្ធបរិស័ទបានជួបជុំគ្នាធ្វើពិធីដង្ហែអង្គ ផ្កាប្រទក្សិណបីជុំព្រះវិហារ រួចវេរប្រគេនព្រះសង្ឃជាកិច្ចដារឆ្លងបុណ្យផ្កាសាមគ្គីនេះដែលប្រមូលបច្ច័យ បានប្រមាណសម្រាប់ទុកប្រើប្រាស់ក្នុងការកសាងសមិទ្ធផលចំបាច់នានាក្នុងវត្តបុទុមប្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ។
មានមតិសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ បានសំណូមពរដល់ពលរដ្ឋទូទៅឱ្យបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩ ដែលកំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកនៅឡើយ ហើយក៏ពុំទាន់មានវ៉ាក់សាំងប្រឆាំងវានៅឡើយដែរ។
ជាមួយគ្នានោះ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធាន ក្រុមការងារចុះជួយឃុំពពេល និងលោកជំទាវ បានអញ្ជើញចុះសាកសួរសុខទុក្ខលោក សាន ខុន សមាជិក ក្រុមប្រឹក្សាឃុំពពេលដែលកំពុងមានជម្ងឺ និងសម្រាកព្យាបាលជម្ងឺនៅផ្ទះស្ថិតក្នុងភូមិខ្សាក ដោយបាន ណែនាំលោកឱ្យទៅរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ ដើម្បីឆាប់ជាសះស្បើយពីជម្ងឺ និងជូនពរលោក សាន ខុន ឱ្យរួចផុតពីជម្ងឺក្នុងពេលឆាប់ៗ ដើម្បីបានវិលត្រឡប់ទៅបំរើពលរដ្ឋម្ចាស់ឆ្នោតវិញ ព្រមទាំងបាន សម្តែងនូវការកោតសរសើរដល់សមាជិកក្រុមប្រឹក្សាឃុំពពេលរូបនេះ ដែលបានខិតខំបំពេញការងារជូន ពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក៕