(កំពង់ឆ្នាំង)៖ អាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសម្នាក់ និងរថយន្ត LEXUS RX 400h កែច្នៃមួយគ្រឿងតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតជាក់ស្តែង ពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង ដើម្បីយកសួរនាំដោយសង្ស័យជាប់ពាក់ព័ណ្ធអំពើចោរកម្ម ឬការក្លែងបន្លំផ្លាកលេខ។ ការឃាត់ខ្លួនបុរសខាងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
បើយោងតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា ក្រោយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតជាក់ស្តែង ពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំងរួចមក កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX 400h ពណ៌សរ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 ដែលមានជនសង្ស័យឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាម្ចាស់រថយន្ត។
ឈ្មោះ ឃឹម ប៊ុនធឿន នេះមានមុខរបរជាម្ចាស់ការ៉ាសជួសជុលរថយន្តមួយកន្លែង និងជាឈ្មួញដុះស្លែរកស៊ីទិញលក់តែរថយន្តអត់ពន្ធទំនើបៗ ដូចជា៖ CAMERY 2012, TUNTRA 2020, GS300, LEXUS RX 330 ឬ RX 400h, MAZDA PICK UP និងរថយន្តសេរីទំនើបៗជាច្រើនទៀត ដោយរថយន្តមួយគ្រឿងៗតម្លៃចន្លោះពី ៧,៥០០ដុល្លារ ឬត្រឹម២០,០០០ដុល្លារ ហើយការទិញលក់នោះ ខ្លួនមានបក្ខពួកខ្លួន និងឈ្មួញមួយចំនួនចាំទិញរថយន្តទាំងនោះ។ រីឯឯកសារគឺឈ្មោះ ឃឹម ប៊ុនធឿន ជាអ្នកជួយរៀបចំឯកសារក្លែងក្លាយឱ្យ និងជាអ្នកបំពាក់ផ្លាកលេខ រថយន្តក្លែង ដែលខ្លួនបានទិញពីក្រុមចោរឱ្យថែមទៀតផង។
ចំពោះផ្លាកលេខរថយន្ត គឺជាផ្លាកលេខដែលចោរលួចយកមកលក់ឱ្យឈ្មោះ ឃឹម ប៊ុនធឿន ដែលឈ្មោះនេះតែងតែទិញទុក ដើម្បីទុកសម្រាប់បំពាក់លើរថយន្ត។ ដោយឡែករថយន្តដែលឃាត់ បានខាងលើនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតបន្តថាតើជារថយន្តដែលលួចគេមក ឬជារថយន្តបានទិញមកពីណា។
គួរបញ្ជាក់ថា រថយន្តម៉ាក LEXUS RX 400h ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ BD-9326 ក្រោយការស្រាវជ្រាវ ឃើញថា ជាផ្លាកលេខរបស់រថយន្ត តូយូតាហាយឡិនឌឺ (HIGH LANDER) ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ និងមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAOYANG (គ័រ ឆូវយ៉ាង) រស់នៅភ្នំពេញ មិនមែនជាផ្លាកលេខរថយន្ត LEXUS RX 400h ពណ៌សនោះឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សាធារណៈជនដែលបានបាត់ផ្លាកលេខរថយន្ត ឬបាត់រថយន្តដូចមានក្នុងភិនភាគ ក្នុងរូបភាពនេះអាចមកទំនាក់ទំនងនៅស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង និងភ្ជាប់មកជាមួយនូវឯកសាររថយន្តមកជាមួយផង៕