(ត្បូងឃ្មុំ)៖ បន្ទាប់ពីចុះពិនិត្យព្រំដែននៅខេត្តចំនួន៤ហើយនោះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានបន្តចុះទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដើម្បីពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែនបន្តទៀត។
ការចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែន នៅខេត្តទាំងពីរថ្មីទៀតនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្រ្តីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ក្នុងបេសកកម្មប៉ុន្មានថ្ងៃមកនេះ លោកស្រីកុយ ពិសី និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែន ចំនួន៤ខេត្តផងដែរ ក្នុងនោះមានខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍតំបន់ព្រំដែនទាំងអស់ ឱ្យក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទទួលបានឱកាសដូចពលរដ្ឋនៅទីប្រជុំជន និងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ។
នាពេលបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសកម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ។ គិតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ៕