(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ហ៉ីង សុខលាភ តំណាងលោក ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីរុះរើ និងសាងសង់អគារសិក្សា៣ខ្នង ១៥បន្ទប់ និងក្លោងទ្វារ១ ក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍ព្រឹក្ស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានលើកឡើងថា សព្វថ្ងៃនេះក្មួយៗ បានកើតមកក្នុងសម័យនេះ មានភ័ព្វសំណាងណាស់ មានពេលវេលាគ្រប់គ្រាន់ បានសិក្សារៀនសូត្រពេញលេញ នៅក្នុង និងក្រៅប្រទេស ក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោសែន។ លោកថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វែងរក សុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជនទូទាំងប្រទេស បានកសាងអគារសិក្សារាប់ពាន់ខ្នង បង្ខិតសាលារៀនមកជិតផ្ទះប្រជាពលរដ្ឋ បង្កើតវិទ្យាល័យ ឲ្យមានតាមឃុំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានខ្វែងខ្វាត់។

លោក ណុប រ័ត្ននិមល បានបន្តថា វិស័យអប់រំជាវិស័យមួយ មានអាទិភាពខ្ពស់ ដែលប្រមុខរាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ ក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ បានកំណត់គោលដៅយុទ្ធសាស្រ្ត គឺបន្តអន្តវត្តផែនការយុទ្ធសាស្ត្រ ដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលបានការអប់រំមូលដ្ឋាន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍប្រទេសជាតិ។

លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម ពោលត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឲ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

ស្ថិតក្នុងស្ថានភាពការរាតត្បាត នៃជំងឺកូវីដ-១៩ មិនទាន់ថមថយនោះ លោក ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន បន្តគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃ និងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលជួបជុំមនុស្សច្រើន។

តាមរបាយការណ៍របស់លោកអភិបាលរង ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ នៅទូទាំងស្រុកមានសាលារៀនគ្រប់កម្រិតចំនួន៧០កន្លែង ស្មើ៥៤៣ថ្នាក់ អគារសិក្សាសរុប១៥០ខ្នង ក្នុងនោះ សាលាមត្តេយ្យ១៩កន្លែង, សាលាបឋមសិក្សា ៣២កន្លែង, អនុវិទ្យាល័យ១៦កន្លែង និងវិទ្យាល័យ០៣កន្លែង។ អគារសិក្សារបស់សម្តេចតេជោ ហ៊ុន សែន មាន៤០ខ្នង ស្មើ២១០បន្ទប់ និងមានសិស្សសរុប ២០,២៩២នាក់ (ស្រី១០,១៣៥នាក់) គ្រូក្របខ័ណ្ឌសរុប៧៦៩នាក់ ស្រី៤១៣នាក់ និងគ្រូជាប់កិច្ចសន្យាបឋមសិក្សាសរុប ១៥៨នាក់ ស្រី៩៨នាក់។

ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ស្រុកកណ្តាលស្ទឹង មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានចំនួន៦០៧នាក់ ស្រី៣៤៨នាក់ ក្នុងនោះមកពីវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ចំនួន២៩៨នាក់ ស្រី១៨៣នាក់, វិទ្យាល័យព្រែកស្លែង ចំនួន២៣៣នាក់ ស្រី១២៣នាក់ និងវិទ្យាល័យសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសពោធិ៍អណ្ដែត ចំនួន៧៦នាក់ ស្រី៤២នាក់។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី បានឧបត្ថម្ភថវិកា ដល់សាលាស្រុកកណ្តាលស្ទឹង ចំនួន១លាន៥០ម៉ឺនរៀល, សាលាឃុំរលាំងកែន ៥០ម៉ឺនរៀល និងសាលាបឋមសិក្សា៥០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់អាជ្ញាធរដែនដី លោកតាលោកយាយ លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕