(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៖០២នាទីឆ្លងចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្តឲ្យដឹងថា រកឃើញ៤ករណីទៀតវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រៅពីអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ នៅពេលនេះថែម៤ករណីទៀត សរុប៦នាក់ហើយពាក់ព័ន្ធថ្មីនេះ។ មន្ទីរពិសោធន៍បាននឹងកំពុងធ្វើតេស្តជាប់រហូត និងបង្ហាញលទ្ធផលបន្តបន្ទាប់។
លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។
អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ ក៏ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ១៩។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលជាភរិយារបស់អគ្គនាយកពន្ធនាគារ បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
លោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។
ពាក់ព័ន្ធការរកឃើញអ្នកវិជ្ជមានដែលអាចចាត់ទុកជាការឆ្លងចូលសហគមជាលើកដំបូងនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ផងដែរ។
ក្នុងសារសំឡេងណែនាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ ក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការអធ្យាស្រ័យចំពោះការបិទផ្សារទំនើបអ៉ីអនទី១។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពី គ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ៕