(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តក្រចេះ បានចុះជួបមន្ត្រីភូមិ ឃុំ នៅក្នុងស្រុកស្នួលប្រមាណ១៥០នាក់ ដើម្បីធ្វើការសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា «២ធ្នូ ១៩៧៨-២ធ្នូ ២០២០»។
ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាវិមានអនុស្សាវរីយ៍២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជាសមាជិកក្រុមការងារនៅថ្នាក់ជាតិ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីរាជការមួយចំនួននៃរដ្ឋបាលស្រុកស្នួល ។
ថ្លែងរំលឹកឡើងវិញពីទិវាប្រវត្តិសាស្រ្ត២ធ្នូថ្ងៃបង្កើតរណសិរ្សដ៏ជាញជ័យ ដែលប្រមូលបានកម្លាំងសាមគ្គីប្រជាជាតិ ឈានទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជន ដណ្ដើមបានមហាជ័យជំនះ ៧មករា ១៩៧៩ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះបានគូសបញ្ជាក់ឡើងវិញយ៉ាងច្បាស់ថា៖ «ការចងចាំនូវសច្ចធម៌ជាប្រវត្តិសាស្រ្ត ២ធ្នូ គឺជាតម្លៃនៃគុណធម៌របស់មនុស្សជាតិ និងជាមេរៀនសម្រាប់កូនខ្មែរគ្រប់ជំនាន់»។
ហេតុនេះ ដើម្បីរក្សាគុណតម្លៃនៃសច្ចភាពនេះ ឱ្យបានស្ថិតស្ថេរជារៀងរហូតយើងទាំងអស់គ្នា ត្រូវត្រងត្រាប់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវមាគ៌ា គោលនយោបាយដែលជាការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា ជាពិសេសមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សំដៅការពាររាល់សមិទ្ធផលប្រវត្តិសាស្ត្ររបស់២ធ្នូ និង ៧មករា នោះគឺសុខសន្តិភាពរបស់មាតុភូមិ និងវិបុលភាពរបស់ប្រជាជាតិយើងជារៀងដរាបតរៀងទៅ៕