(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រសួងសុខាភិបាល បានសម្រេចបង្កើតកន្លែងយកសំណាករកជំងឺកូវីដ១៩ មួយកន្លែងបន្ថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទីតាំងនេះ ប្រើសម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។
សូមរំលឹកថា ដើម្បីយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយភរិយាអគ្គនាយកពន្ធនាគារនោះ ក្រសួងសុខាភិបាល បានបង្កើតកន្លែងសម្រាប់យកសំណាកចំនួនពីរនៅព្រឹកមិញនេះ គឺនៅផ្សារទំនើបអ៉ីអនទី១ សម្រាប់ប្រជាពលរដ្ឋទូទៅ និងនៅក្រសួងមហាផ្ទៃសម្រាប់មន្ត្រីរាជការ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ដោយសារចំនួនប្រជាពលរដ្ឋ និងមន្ត្រីរាជការពាក់ព័ន្ធព្រឹត្តិការណ៍នេះទៅធ្វើតេស្តសុខភាពមានចំនួនច្រើន ទើបក្រសួងសុខាភិបាលសម្រេចបង្កើតកន្លែងយកសំណាកមួយទៀតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្ស AIS។
លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលា AIS ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះទៅធ្វើតេស្តរកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។
សាលា AIS សាខាចាក់អង្រែ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូងនេះ បន្ទាប់ពីកូនប្រុសរបស់ស្ត្រីភរិយាអគ្គនាយកពន្ធនាគារនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ បានបង្ហាញគ្រូ និងសិស្ស ដែលបានប៉ះពាល់ផ្ទាល់ជាមួយសិស្សរកឃើញវិជ្ជមានកូវីដ១៩នេះ មានចំនួនរហូតដល់ទៅ១១នាក់។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៉ីអន សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕