(ភ្នំពេញ)៖ លោក ស សុខា ប្រធានគណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាកការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលនឹងធ្វើឡើងនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នាស្រុកកំចាយមារ ខេត្តព្រៃវែង។
សេចក្តីជូនដំណឹងរបស់លោក ស សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មូលហេតុ នៃការផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដោយសារតែដើម្បីរួមចំណែកក្នុងការការពារ ទប់ស្កាត់ និងបង្ការការរីករាលដាល ជំងឺកូវីដ១៩ ដែលនៅតែបន្តរីករាលដាល ពាសពេញពិភពលោក និងយោងតាមការរកឃើញ ករណីជំងឺកូវីដ១៩ថ្មី។
គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះមាន៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀត ជាអ្នកដំណើរមកពីអាមេរិក។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់៕