(ភ្នំពេញ)៖ ថ្លែងប្រាប់តាមទូរស័ព្ទនៅមុននេះបន្តិចលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដោយច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។
លោកស្រីបញ្ជាក់ថា «ដែលអ្នកបំភ្លៃព័ត៌មានញុះញង់បែបគឺមានចេតនាបង្កចលាចលសង្គមកម្ពុជា ខ្ញុំស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា»។
សូមជំរាបថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នៅពេលទៅដល់ផ្សារទៅនើបអ៉ីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។
រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ផ្សារអ៉ីអនទី១។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ៕