(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ ខណៈកម្ពុជាកំពុងតែមានករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង។
ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនេះ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកថ្ពង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្ពង និងអាជ្ញាធរមូលដ្ឋានស្រុកថ្ពង។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំអំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពី ការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ និងការហូបស្អាត គេងស្អាត បូករួមនឹងការពន្យល់វិធីបង្ការជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ព្រមទាំងពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋក្នុងស្រុក។
ប្រជាពលរដ្ឋក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានការសប្បាយជាខ្លាំង ក្រោយបានឃើញវត្តមានរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបានបង្ហាត់បង្រៀន និងជួយណែនាំពីវិធីសាស្ត្រក្នុងការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ខណៈកម្ពុជាកំពុងមានករណីឆ្លងក្នុងសហគមន៍ចំនួន៦នាក់។
ជាមួយគ្នានោះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា និងប្រធាន ស.ស.យ. ក ដែលរួមមាន៖ ចែក, អាកុល, ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រៅពីចុះអប់រំពីវិធីសាស្ត្រការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងនោះក៏បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន១៩៥គ្រួសារ មានប្រជាពលរដ្ឋចំនួន២១៦នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល នៅភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម អេកូ (ពិនិត្យលើផ្ទៃពោះស្ត្រីមានគភ៌) រួមហ្នឹងជំងឺផ្សេងទៀត។
នាឱកាសនោះ លោក លេង ផាលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតអំពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក៏ព្រោះតែកម្ពុជាកំពុងតែករណីឆ្លងក្នុងសហគមន៍ ដែលជាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។
លោកក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានអនាម័យស្អាត និងរក្សាគម្លាតពីគ្នា ហើយអ្វីដែលពិសេសគឺមិនត្រូវនៅកន្លែងដែលមានមនុស្សច្រើន ដែលជាកន្លែងប្រមូលផ្តុំនោះទេ។
ជាមួយគ្នានោះដែរប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះក៏បានលើកឡើងទៀតផងដែរថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ប្រធានកិត្តិយសនៃក្រុមការងារគ្រុពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»៕