(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់នាយកប្រតិបត្តិបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អំពីនិយមន័យករណីសង្ស័យ ជំងឺកូវីដ-១៩ សារជាថ្មីជូនប្រជាពលរដ្ឋ ក្រោយផ្ទុះការឆ្លងចូលសហគមន៍។
ការចេញមកបញ្ជាក់ជាថ្មីរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនូវសារជាច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គម អំពីរោគសញ្ញា និងអាការៈជំងឺកូវីដ-១៩ ដែលខ្លះមិនត្រឹមត្រូវនោះទេ ធ្វើឲ្យមានការយល់ច្រឡំជាច្រើន។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បុគ្គលដែលមានសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចខាងក្រោម ទើបសង្ស័យថាជាជំងឺកូវីដ-១៩៖ កំដៅយ៉ាងតិច ៣៧.៥អង្សាសេ, ក្អក, ហៀរសំបោរ, ឈឺបំពង់ក, ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរឆ្លងខេត្តនៅក្នុងប្រទេសកម្ពុជា ឬក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយ អ្នកដែលបានធ្វើដំណើរក្រៅប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បញ្ជាក់ដោយពីមន្ទីរសោធន៍ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា ឬជាអ្នកថែទាំសុខភាព នៅគ្រឹះស្ថានសុខាភិបាល។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ មន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ ហើយគ្រូ សិស្ស និងអាណាព្យាបាលសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ ទៅធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕