(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា, លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនជនរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦ខ្នង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ ក៏មានការចូលរួមអមដំណើរ ពីលោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា, លោក សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្ត អ៉ីមាំស្រុក-ខេត្ត ព្រមទាំងក្រុមការងារសម្ពន្ធ័យុវជនមុស្លិមកម្ពុជាខេត្តជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុឱកាសនោះ លោកស្រី ម៉ាណ ណាវី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆេះផ្ទះ រហូតទៅដល់៦ខ្នង ហើយលោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ ដែលអាចកើតជាយថាហេតុណាមួយ ដែលយើងមិនអាចដឹងមុន។
ជាចុងក្រោយ លោកស្រី បានកើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ននូវការផ្ទុះឡើងវិញ ជំងឺ COVID-19 ហើយសូមបន្ដធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជាផ្សេងៗ របស់រាជរដ្ឋាភិបាល។
គួរជម្រាបថា អំណោយចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកស៉ីអ៉ីវ១យួរ, ទឹកត្រី១យួរ, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ១២កំប៉ុង, មី១កេស និងថវិកាមួយគ្រួសារ២០ម៉ឺនរៀល៕