(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្តីអំពាវនាវដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ ដែលកំពុងប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវ របស់បងប្អូនប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃស្រូវរបស់បងប្អូនប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ។
ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល និងសូមរក្សាថ្លៃឈ្នួលដដែល។
អំពាវនាវនេះធ្វើឡើងបន្ទាប់ពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានកត់សម្គាល់ឃើញថា ក្នុងរដូវប្រមូលផលស្រូវនេះ ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំ ធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខ និងការខ្វះខាតនូវកំលាំងពលកម្ម ដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវ ក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា។
ការសម្រុកប្រមូលផល និងកង្វះខាតមធ្យោបាយច្រូតកាត់នេះ បានធ្វើឱ្យថ្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងហក់ស្ទុះលើស៣ដង ធៀបនឹងថ្លៃឈ្នួលឆ្នាំមុន។ ប្រសិនបើសភាពការណ៍ខ្វះខាតមធ្យោបាយច្រូតកាត់នេះ នៅតែអូសបន្លាយយូរថ្ងៃទៀត ស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងស្រែនឹងទុំជ្រុលជាហេតុ ធ្វើឱ្យបាត់បង់គុណភាពស្រូវ ព្រមទាំងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះផងដែរ។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណទុកជាមុន និងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ ដែលមានការប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ នឹងចូលរួមសាមគ្គីគ្នាជាធ្លុង មួយ ដើម្បីជួយចម្លងភាពលំបាករបស់ប្រជាកសិករនៅគ្រានេះ៕