(កំពង់ឆ្នាំង)៖ គិតត្រឹមម៉ោង១០៖៣០នាទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានជនរងគ្រោះស្លាប់ដោយសារសង្ស័យពុលស្រាស និងទឹកចំនួន ៤នាក់ ខណៈជនរងគ្រោះចំនួន៩៩នាក់ នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានជំងឺធ្ងន់៣នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍បឋមរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រាប់លោក សាយ សន្យា អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ដែលចុះទៅយកព័ត៌មានជាក់ស្តែងនៅកន្លែងកើតហេតុ នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ដំបូងឡើយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានកម្មវិធីបុណ្យសពមួយ នៅក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ខណៈនោះប្រជាពលរដ្ឋក្នុងភូមិ និងភូមិដទៃទៀតជាច្រើននាក់ បាននាំគ្នាទៅចូលរួមក្នុងពិធីបុណ្យសពនោះ។ រីឯនៅក្នុងពិធីបុណ្យសពនោះដែរ ក៏មានការជួបជុំពិសារស្រាស និងមានការទទួលទានបាយសម្ល និងទឹកជាធម្មតា ទៅតាមលក្ខណៈប្រពៃណីខ្មែរយើង ក្នុងពិធីបុណ្យសពនីមួយៗ។
ដោយឡែកស្ត្រីម្នាក់រស់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ដែលប្ដីរបស់គាត់បានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះដែរ បានប្រាប់ឱ្យដឹងដែរថា នៅពេលដែលប្ដីរបស់គាត់បានត្រ ឡប់មកពីចូលរួមក្នុងពិធីបុណ្យសពនៅក្នុងភូមិវិញ ប្ដីរបស់គាត់ក៏បានពោលប្រាប់គាត់ថា គាត់ហាក់មានអាការៈណែនទ្រូង ឈឺក្បាល និងមានក្អួតចង្អោរទៀតផង ពេលឃើញដូច្នេះ គាត់ក៏បានស្រូតរូតនាំប្តីរបស់គាត់ទៅមណ្ឌលសុខភាពភ្លាមៗដែរ។ តែដោយប្ដីរបស់គាត់មានអាការៈធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកានេះ។
ស្ត្រីខាងលើបានឱ្យដឹងទៀតថា អ្នកដែលស្លាប់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពកនេះ មានចំនួន២នាក់ និងអ្នកដែលស្លាប់នៅក្នុងភូមិក្រោយវត្ត ក្នុងឃុំខ្លុងពពកជាប់គ្នាដែរនោះ មានចំនួន២នាក់ផងដែរ សរុបទាំងអស់មាន៤នាក់ ដែលបានស្លាប់បន្តបន្ទាប់គ្នា ចំណែកប្ដីរបស់គាត់ និងប្អូនរបស់គាត់ ដែលធ្វើបុណ្យនៅទល់មុខផ្ទះនេះ គឺបានធ្វើបុណ្យដំណាលគ្នា។
ជុំវិញករណីដែលសង្ស័យថា មានការពុលស្រាស និងទឹកខាងលើនេះលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តាមការសន្និដ្ឋានអាចជាការពុលស្រាស ដែលមានជាតិមេតាណុល។
លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងតែដុតដៃ ដុតជើងតាមដានករណីនេះនៅឡើយ ដោយកំពុងធ្វើការស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់ ពេលនេះកំពុងធ្វើការប្រមូលស្រាស យកមកធ្វើការពិនិត្យស្រាវជ្រាវ និងបញ្ឈប់ការលក់ស្រាសនៅក្នុងស្រុកទឹកផុសផងដែរ។ ដោយឡែក ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានបញ្ជូនមន្ត្រីជំនាញមកដល់ខេត្តកំពង់ឆ្នាំង តាំងពីយប់ថ្ងៃទី២៨ ដែលមាន លោក ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គាលេខាធិការរង នៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាល និងនាំមកនូវថ្នាំពេទ្យមួយចំនួនផងដែរ។
ករណីខាងលើនេះ លោកវរសេនីយ៍ឯក ជិន សុផាត នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះថា ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស៣នាក់ ដែលជាអ្នកបិតស្រាស យកមកធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយ រង់ចាំចំណាត់ការបន្តប្រសិនបើរកឃើញថា មានការពាក់ព័ន្ធ ទៅនឹងហេតុការណ៍ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ នៅក្នុងស្រុកទឹកផុសខាងលើនេះ៕