(កំពង់ធំ)៖ លោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានគល់ខ្នងផ្ទះថ្មីទី១៧៦ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន កំពតផត ដល់គ្រួសារអតីតយុទ្ធជនពិការ នៅរស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់អំពីសសរបេតុង, ឆ្អឹងដែកខ្ពស់ផុតពីដី, ជញ្ជាំងស្មាតបត, រនាបក្តារ, ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ត្រូវបានប្រគល់ជូនលោក អ៊ុង ស៊ីនួន អាយុ៦៥ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៩ និងបានឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើនសមរភូមិ ព្រមទាំងត្រូវរបួសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៨៩ ក្នុងសមរភូមិផ្លូវជាតិលេខ១២ ហើយលោកបានក្លាយទៅជាអតីតយុទ្ធជនពិការ នៅឆ្នាំ២០០៤។
បច្ចុប្បន្ននេះ លោក អ៊ុង ស៊ីនួន រស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានភរិយាឈ្មោះ មាន នី អាយុ៥៣ឆ្នាំ និងមានកូនចំនួន ០៧នាក់ក្នុងបន្ទុកផងដែរ។
ក្នុងឱកាសនេះដែរ លោក សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់អតីតយុទ្ធជនក៏ដូចប្រជាពលរដ្ឋទាំងអស់ ហើយសម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងកាលៈទេសៈថ្មីនេះ គឺមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាជាថ្មីទៀត ដូច្នេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស, លាងសំអាតដៃ ជាមួយសាប៊ូ ទឹកអាកុល ឬជែលឱ្យបានជាប់ជាប្រចាំបើសិនជាបានធ្វើដំណើរទៅណាមកណាហើយបើគ្មានករណីចាំបាច់ទេសូមកុំចេញទៅទីប្រជុំជន ឬកន្លែងប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩នេះ ហើយក៏អាចបង្កឱ្យមានការឆ្លងដល់សហគមន៍ផងដែរ។
ក្នុងពីធីប្រគល់ផ្ទះថ្មីនេះ លោក សោម ស៊ុន ក៏បានពាំនាំនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនអតីតយុទ្ធជនដែលទើបនឹងទទួលបានផ្ទះថ្មី រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីចំនួន ០២កេស, ទឹកពិសារបរិសុទ្ធកម្ពុជាចំនួន ០១កេស, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២យួរ និងថវិកាមួយចំនួនផងដែរ។
អាជ្ញាធរដែនដី និងអតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋ ពិតជាមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលលោក អ៊ុង ស៊ីនួន ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិបានទទួលផ្ទះថ្មី ដើម្បីរស់នៅក្នុងក្រុមគ្រួសារ ព្រោះកន្លងមកគ្រួសារ លោកមានជីវភាពលំបាកខ្វះខាតដោយផ្ទះមួយខ្នងមានសមាជិករស់នៅរហូតដល់ទៅចំនួន ០៣ក្រុមគ្រួសារ ស្មើនឹង ១២នាក់៕