(ភ្នំពេញ)៖ ជាគោលការណ៍កាលណាមានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បណ្តឹងពីរនឹងកើតឡើងព្រមគ្នាផងដែរនោះគឺ បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណីដែលជាបណ្ដឹងពីរផ្សេងគ្នា ។ ចំពោះបណ្ដឹងអាជ្ញា គឺមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់ (មូលទោស និងទោសបន្ថែម ) ។

ចំណែកឯបណ្ដឹងរដ្ឋប្បវេណីមានគោលបំណងឱ្យជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះដែរគឺឱ្យជនរងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនៈកម្មដែលខ្លួនបានទទួល ។

ចំពោះក្នុងករណីដែលមានសាលក្រម ឬសាលដីកាតុលាការព្រហ្មទណ្ឌសម្រេចសេចក្តីឱ្យជនជាប់ចោទជាប់ពន្ធនាគារ និង បង់ប្រាក់ពិន័យ ប្រាក់សំណង និងជម្ងឺចិត្ត ចំពោះអំពើល្មើសរបស់ខ្លួនដែលបានប្រព្រឹត្ត ចូលជាស្ថាពរ ក៏ប៉ុន្តែទណ្ឌិតអនុវត្តតែទោសពន្ធនាគារ ហើយមិនព្រមបង់ប្រាក់ពិន័យ ឬប្រាក់សំណង និងជម្ងឺចិត្ត ? តើភាគីណាខ្លះដែលមានសិទ្ធិអាចទាមទារឱ្យមានការអនុវត្តការបង្ខំដល់រូបកាយ ?

ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពីការបង្ខំដល់រូបកាយ មាននិយមន័យនិងការអនុវត្តយ៉ាងដូចម្តេចខ្លះ ? ដូច្នេះថ្ងៃនេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៍មាន FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី “ការបង្ខំដល់រូបកាយ” មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមបញ្ញត្តិ មាត្រា៥២៣ ដល់មាត្រា៥៣៣ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីនីតិវិធីក្នុងការអនុវត្តវិធានការបង្ខំដល់រូបកាយចំពោះទណ្ឌិត ។

ការបង្ខំដល់រូបកាយ ត្រូវអនុវត្តលើបុគ្គលដែលត្រូវផ្តន្ទាទោសដោយតុលាការព្រហ្មទណ្ឌ ហើយដែលមិនបង់៖
- ប្រាក់ពិន័យ
- ប្រាក់ពន្ធនៃនីតិវិធី
- ប្រាក់សំណង និងជម្ងឺចិត្តដែលត្រូវបង់ឱ្យដើមបណ្តឹងរដ្ឋប្បវេណី ។

ក. ការបង្ខំដល់រូបកាយក្នុងករណីមិនបង់ប្រាក់ពិន័យ ឬប្រាក់ប្រាក់ពន្ធនៃនីតិវិធីប្រសិនបើទណ្ឌិតមិនបង់ប្រាក់ពិន័យ ឬប្រាក់ពន្ធនៃនីតិវិធី អង្គភាពរតនាគារជូនដំណឹងដល់ព្រះរាជអាជ្ញានៃតុលាការអមសាលាដំបូង ។
ព្រះរាជអាជ្ញាកំណត់រយៈពេលចុងក្រោយដល់ទណ្ឌិត ដើម្បីឱ្យបង់ប្រាក់នោះ ហើយឱ្យដំណឹងថា ប្រសិនបើមិនបង់ទេនោះ សាម៉ីខ្លួនត្រូវអាចបង្ខំដល់រូបកាយ ។ រយៈពេលនេះមិនអាចតិចជាង ១០ (ដប់) ថ្ងៃ ទេ ។
ការឱ្យដំណឹងត្រូវធ្វើៈ
- ដោយផ្ទាល់មាត់ ឬ
- តាមផ្លូវរដ្ឋបាល ឬ
- តាមរយៈកងនគរបាល ឬកងរាជអាវុធហត្ថ ។

ត្រូវតែមានធ្វើកំណត់ហេតុស្តីពីការឱ្យដំណឹងនេះ ។ ហើយកំណត់ហេតុត្រូវចុះហត្ថលេខា ឬស្នាមមេដៃរបស់ទណ្ឌិត ។ លុះផុតរយៈពេលកំណត់ ប្រសិនបើទណ្ឌិតមិនបានបង់ប្រាក់នោះទេ ព្រះរាជអាជ្ញាមានសិទ្ធិបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួន ប៉ុន្តែព្រះរាជអាជ្ញាក៏អាចសិទ្ធិបង្អង់សេចក្តីសម្រេចនេះបានដោយមូលហេតុមនុស្សធម៌ជាអាទិ៍ ដូចជាស្ថានភាពសុខភាពរបស់ទណ្ឌិតជាដើម ។

ខ. ការបង្ខំដល់រូបកាយតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងរដ្ឋប្បវេណី កាលណាដើមបណ្តឹងរដ្ឋប្បវេណីមិនបានទទួលប្រាក់សំណង និងជម្ងឺចិត្តពីទណ្ឌិត ឬពីអ្នកទទួលខុសត្រូវរដ្ឋប្បវេណីទេ ដើមបណ្តឹងរដ្ឋប្បវេណីអាចសុំដល់ព្រះរាជអាជ្ញាឱ្យធ្វើការបង្ខំដល់រូបកាយបាន ។
ការបង្ខំដល់រូបកាយដើម្បីទាមទារសំណង និងជម្ងឺចិត្ត អាចអនុវត្តបានតែលើទណ្ឌិតតែប៉ុណ្ណោះ ។ ដើមបណ្តឹងរដ្ឋប្បវេណីត្រូវជូនភស្តុតាងថា ខ្លួនបានប្រើអស់គ្រប់មធ្យោបាយអនុវត្តដែលមានចែងក្នុងច្បាប់ ដូចជាការរឹបអូសចលនវត្ថុ ឬ អចលនវត្ថុជាដើម ។ ព្រះរាជអាជ្ញាអាចហៅដើមបណ្តឹងរដ្ឋប្បវេណីឱ្យធ្វើនីតិវិធីថ្មី ដើម្បីសាកល្បងទារប្រាក់សំណង និងជម្ងឺចិត្តនេះ ។ ប្រសិនបើទណ្ឌិតមិនព្រមបង់ ការបង្ខំរូបកាយត្រូវយកមកអនុវត្តនៅក្នុងលក្ខខណ្ឌដែលមានចែងនៅមាត្រា៥២៣ ដល់មាត្រា៥៣២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ក្នុងករណីមានការប្រជែងគ្នារវាងប្រាក់ពិន័យ ប្រាក់ពន្ធនីតិវិធី និងប្រាក់សំណង និងជម្ងឺចិត្តនោះ ប្រាក់សំណង និងជម្ងឺចិត្តត្រូវមានអាទិភាពទទួលសងមុនគេ ។
បញ្ញត្តិនៃមាត្រា ៥៣០ ថិរវេលានៃការបង្ខំដល់រូបកាយត្រូវកំណត់ដូចខាងក្រោម៖

⦁ ១០ (ដប់) ថ្ងៃ កាលណាទឹកប្រាក់ដែលមិនបានបង់នោះមានចំនួនមិនលើសពី ២៥០,០០០ (ពីរសែនប្រាំម៉ឺន) រៀល ។
⦁ ២០ (ម្ភៃ) ថ្ងៃ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ២៥០,០០១ (ពីរសែនប្រាំម៉ឺនមួយ) រៀល ដល់ ៥០០,០០០ (ប្រាំសែន) រៀល ។
⦁ ១ (មួយ) ខែ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ៥០០,០០១ (ប្រាំសែនមួយ) រៀល ដល់ ១,០០០,០០០ (មួយលាន) រៀល ។
⦁ ២ (ពីរ) ខែ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ១,០០០,០០១ (មួយលានមួយ) រៀល ដល់ ២,៥០០,០០០ (ពីរលានប្រាំសែន) រៀល ។
⦁ ៣ (បី) ខែ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ២,៥០០,០០១ (ពីរលានប្រាំសែនមួយ) រៀល ដល់ ៥,០០០,០០០ (ប្រាំលាន) រៀល ។
⦁ ៦ (ប្រាំមួយ) ខែ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ៥,០០០,០០១ (ប្រាំលានមួយ) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល ។
⦁ ១ (មួយ) ឆ្នាំ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ១០,០០០,០០១ (ដប់លានមួយ) រៀល ដល់ ២០,៥០០,០០០ (ម្ភៃលានប្រាំសែន) រៀល ។
⦁ ១៨ (ដប់ប្រាំបី) ខែ ប្រសិនបើទឹកប្រាក់នេះមានចំនួនពី ២០,៥០០,០០១ (ម្ភៃលានប្រាំសែនមួយ) រៀល ដល់ ៥០,០០០,០០០ (ហាសិបលាន) រៀល ។
⦁ ២ (ពីរ) ឆ្នាំ ចំពោះទឹកប្រាក់ដែលមិនបានបង់មានចំនួនលើសពី ៥០,០០០,០០០ (ហាសិបលាន) រៀល ។
កាលបើទណ្ឌិតដែលទទួលការបង្ខំរូបកាយរួចហើយនោះ នៅតែជំពាក់ទឹកប្រាក់ដែលត្រូវបង់ដដែល ។ ប៉ុន្តែ ទណ្ឌិតនេះមិនត្រូវទទួលរងការបង្ខំរូបកាយចំពោះបំណុលដដែលនេះទៀតទេ ។

គ. ការរួចខ្លួនពីការបង្ខំរូបកាយការបង្ខំរូបកាយ មិនអាចធ្វើទៅលើទណ្ឌិតជាអនីតិជននៅពេលប្រព្រឹត្តបទល្មើស, ទៅលើស្ត្រីដែលមានអាយុចាប់ពី ៦៥ (ហុកសិបប្រាំ) ឆ្នាំ និងទៅលើបុរសដែលមានអាយុចាប់ពី ៧០ (ចិតសិប) ឆ្នាំ ឡើងទៅបានឡើយ ។ ការបង្ខំដល់រូបកាយមិនអាចធ្វើបានព្រមគ្នាទៅលើប្តី និងប្រពន្ធបានទេ ទោះបីជាការបង្ខំនេះធ្វើឡើងដើម្បីប្រមូលធនទណ្ឌផ្សេងគ្នាក៏ដោយ ។

សរុបសេចក្តីមក ការបង្ខំដល់រូបកាយ គឺក្នុងគោលបំណងបង្ខំឱ្យទណ្ឌិតបង់នូវប្រាក់ពិន័យ, ប្រាក់ពន្ធនីតិវិធី ក៏ដូចជាសំណង និងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសធានាឱ្យបាននូវការអនុវត្តសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអោយមានប្រសិទ្ធិភាព ចំពោះការបង្ខំដល់រូបកាយនេះក៏មានការយោគយល់ក្រោមរូបភាពមនុស្សធម៌ផងដែរ ។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕