(កំពង់ចាម)៖ លោក សួន វចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី-ខេត្ត។
លោក សួន វចនា បានលើកឡើងថា បើពិនិត្យលើការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១០ មករហូតដល់ចុង ឆ្នាំ២០២០នេះ បានប្រើប្រាស់ពេលវេលាអស់ ១០ឆ្នាំហើយ ក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូន បានត្រូវដាក់ឱ្យចូលរួមអនុវត្តនៅឆ្នាំ២០១៥។
លោកថា ក្នុងរយៈពេល៥ ឆ្នាំនេះ ក្រសួងបានចូលរួមអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយសម្រេចបានសមិទ្ធផលមួយចំនួន គួរជាទីមោទនៈរួមមាន៖
*ការផ្ទេរមុខងារ និងការរៀបចំលិខិតបទដ្ឋានបច្ចេកទេស
*ការបណ្តុះបណ្តាល សម្រាប់ការផ្តល់សេវាសាធាណៈនៅថ្នាក់ក្រោមជាតិដូចដែលបានធ្វើកន្លងទៅ។
លោកបន្តថា ទោះសម្រេចបានសមិទ្ធផលដូចបានគួសបញ្ចាក់ខាងលើ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលយើងនឹងរួមគ្នាដោះស្រាយបន្ត តាមរយៈការរៀបចំកម្មវិធីជាតិដំណាក់កាលទី២(២០២១-២០៣០) បន្តទៀតរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹង និងពង្រីកការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងរួមចំណែកសម្រេចឱ្យបានគោលដៅ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០។
លោក សួន រចនា បានលើកឡើងផងដែរថា បើទោះជាបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅថ្នាក់ក្រោមជាតិនៅមានកម្រិត តែយើងបាន និងកំពុងដោះស្រាយជាបណ្តើរៗ តាមរយៈការបណ្តុះ បណ្តាលបុគ្គលិកសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឈានទៅលុបបំបាត់ ប្រព័ន្ធរដ្ឋបាលដែលប្រើប្រាស់ក្រដាសស្នាម និងការធ្វើប្រាស្រ័យ ទាក់ទង ជាមួយប្រជាពលរដ្ឋដោយកាជួបមុខគ្នាដោយផ្ទាល់ ដែលជាហេតុធ្វើឱ្យការផ្តល់សេវា មានភាពយឺតយ៉ាវ និងបង្កការលំបាក។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សួន រចនា បានណែនាំដល់សិក្ខាកាមទាំងអស់ដែលមានវត្តមាន ត្រូវខិតខំ ផ្តោតការយកចិត្តទុកដាក់ស្តាប់ សិក្សាស្វែងយល់ និងចូលរួមជាមតិយោបល់ ឱ្យបានសកម្ម ផុលផុស ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ក៏ដូចជាស្វែងរកគន្លឹះល្អៗបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍ក្នុងការអនុវត្តមុខងារ ដែលបានរផ្ទេរសំដៅឈាន ទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ៕