(ភ្នំពេញ)៖ នៅក្នុងពិធីបើកការដ្ឋានគម្រោងដាក់លូ ២ខ្សែ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងនៅចំពោះប្រជាពលរដ្ឋថា ចាប់ពីថ្ងៃតទៅ ទឹកលិចផ្លូវ លិចផ្ទះ លែងមានទៀតហើយ ដោយសារប្រព័ន្ធលូរំដោះទឹក ២ខ្សែ បាននិងកំពុងតែស្ថាបនានៅតាមផ្លូវលេខ៩ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ដែលតែងតែលិចផ្លូវ លិចផ្ទះ រៀងរាល់ឆ្នាំ ដោយទឹកភ្លៀង ព្រោះថាពីមុនប្រព័ន្ធលូតូច និងគ្មានបណ្តាញលូហូចេញ។
លោកអភិបាលខណ្ឌ បញ្ជាក់ថា ដោយមើលឃើញផលវិបាកនេះ ដើម្បីរំដោះទឹកនៅតំបន់នេះ ទើបអភិបាលរាជធានី ទម្លាក់ថវិកាដល់រដ្ឋបាលខណ្ឌមានជ័យ ឲ្យដាក់គ្រឿងចក្រចុះស្ថាបនា ប្រព័ន្ធលូមេភ្លាមៗ ដើម្បីរំដោះទឹកជូនដល់ប្រជាពលរដ្ឋ តាមផ្លូវលេខ៩ ភូមិទួលរកានេះ។
លោក ឡាយ ជ ប្រធានការិយាល័យជំនាញ បានបញ្ជាក់ថា ប្រព័ន្ធលូ ២ខ្សែ ប្រវែងជាង៤៦៦ម៉ែត្រ ទំហំមុខកាត់ ៦តឹក ដែលនឹងត្រូវស្ថាបនានាពេលនេះ ដោយតភ្ជាប់ពីផ្លូវលេខ៩ ចាក់ចូលប្រព័ន្ឋលូមេ របស់សាលាសង្កាត់ ហើយភ្ជាប់តទៅប្រព័ន្ឋលូមរបស់បុរីប៉េងហួត ចាក់ចូលប្រឡាយអភិវឌ្ឍបឹងទំពុន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌផ្តាំផ្ញើដល់ចៅសង្កាត់ និងក្រុមហ៊ុនថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង អស់លោកត្រូវជូនដំណឹង និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលនៅតាមបណ្តោយ ទីតាំងស្ថាបនាការដាក់ប្រព័ន្ធលូ ជួសជុលលូ ជួសជុលផ្លូវ និងស្ថាបនាផ្លូវ មិនត្រូវធ្វើអ្វីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត បើប៉ះពាល់នៅកន្លែងណាត្រូវចុះទៅសំពះ សុំការយោគយល់ពីប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានថ្លែងទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយទីតាំងកំពុងស្ថាបនាត្រូវចូលរួមពិនិត្យមើលទាំងអស់គ្នា ជាមួយមន្ត្រីជំនាញដើម្បីតាមដានរាល់ សកម្មភាពរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធក្នុងការស្ថាបនាប្រព័ន្ធលូ និងផ្លូវ ព្រោះសមិទ្ធិផលទាំងអស់ នេះគឺជារបស់យើងទាំងអស់គ្នាជារបស់រួម ទុកសម្រាប់ប្រើប្រាស់រយៈពេលយូរអង្វែង។
ក្នុងពេលចុះពិនិត្យការដាក់ប្រព័ន្ឋលូនេះ លោក ពេជ្រ កែវមុនី បានដោះស្រាយនូវមន្ទិលសង្ស័យជូនអ្នកភូមិថា មិនមានការយកលុយកាក់ពីប្រជាពលរដ្ឋ ដូចពួកធ្លាប់បានព្រួយបារម្ភនោះទេ ខណៈប្រជាពលរដ្ឋតភ្ជាប់ប្រព័ន្ធចេញពីផ្ទះរបស់ពួកគាត់រៀងៗខ្លួន។
លោកបញ្ជាក់ថា លើកលែងតែប្រជាពលរដ្ឋពឹងឲ្យក្រុមអ្នកម៉ៅការជួយធ្វើ ឬទិញសម្ភារធ្វើឲ្យនោះ គឺប្រជាពលរដ្ឋត្រូវចេញថវិកាថ្លៃពលកម្ម ឬថ្លៃលូនោះ តាមការចរចាគ្នា។
ជាមួយគ្នានេះ ខណៈឃើញអាជ្ញាធរដាក់គ្រឿងចក្រ ចុះស្ថាបនាប្រព័ន្ឋលូនេះ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៩ បាននាំគ្នាចេញមកសាទរ ដោយម្នាក់ៗសម្តែងក្តីត្រេកអរ លាយឡំជាមួយសម្លេងថា ផ្ទះយើងចាប់ពីពេលនេះតទៅ លែងលិចទឹកភ្លៀងទៀតហើយ។ ពលរដ្ឋបានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់។
លោកអភិបាលខណ្ឌ ណែនាំឲ្យចៅសង្កាត់ សហការជាមួយអង្គភាពពាក់ព័ន្ឋ ដូចជាអង្គភាពរដ្ឋាករទឹក អង្គភាពអគ្គិសនី និងមន្ត្រីពាក់ព័ន្ឋផ្សេងទៀត ដើម្បីរួមគ្នាធ្វើយ៉ាងណាឲ្យដំណើរការ ដ្ឋានស្ថាបនាប្រព័ន្ឋលូនេះ បានដំណើរការដោយរលូន និងបានស្ថាបនារួចរាល់ តាមការគ្រោងទុក ដើម្បីឲ្យប្រជាពលរដ្ឋបាមប្រើប្រាស់នារដូវវស្សាខាងមុខនេះ៕