(តាកែវ)៖ អាជ្ញាធរ និងមន្រ្តីជំនាញខេត្តតាកែវ បានចាប់ផ្ដើមស្វែងរកអ្នកពាក់ព័ន្ធ ដែលមានទំនាក់ទំនងនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ដោយក្នុងនោះមន្រ្តីពន្ធនាគារខេត្តតាកែវម្នាក់ ដែលបានចូលរួមប្រជុំនៅអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ និងបានដាក់ឲ្យធ្វើចត្តាឡីស័ក។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកវិជ្ជបណ្ឌិត នុត ស៉ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា គ្រួសាររបស់មន្ត្រីពន្ធនាគារខាងលើនេះ ក៏បានឲ្យធ្វើចត្តាឡីស័កផងដែរ។
លោកបញ្ជាក់ថា «យើងបានដាក់ឲ្យមន្រ្តីពន្ធនាគារខាងលើធ្វើចត្តាឡីស័ក នៅសណ្ឋាគារសេវែនដេអិន ក្នុងក្រុងដូនកែវ ហើយចំពោះក្រុមគ្រូសាររបស់គាត់ ក៏ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះផងដែរ»។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា ក្រៅពីគ្រួសារមន្រ្តីខាងលើ មន្រ្តីជំនាញសុខាភិបាលក៏បានយកសំណាកប្រជាពលរដ្ឋនៅក្រៅប្រទេស និងអ្នកដែលបានទៅលេងផ្សារអ៉ីអន ចំនួន១៩នាក់ ទៅធ្វើការពិនិត្យរកជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ព្រមទាំងណែនាំឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយមានការតាមដានពីអាជ្ញាធរផងដែរ។
គួរជម្រាបដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ៨វិច្ឆិកា។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕