(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ថា សម្រាប់ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចពិន័យថវិកាចំនួន ១,៩៦៣,៩៤៥,០០០រៀល ពីបទល្មើសចរាចរណ៍ផ្លូវគោក។
បើតាមឧត្តមសេនីយ៍, តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ២១,៧៤៤លើក ក្នុងនោះរួមមាន៖
* ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ១៥,៩៨២ករណី ស្មើ៧៤ភាគរយ (មិនពាក់មួកសុវត្ថិភាព ៨៨ភាគរយល្មើសសញ្ញាចរាចរណ៍ ៧ភាគរយ ប្រើទូរស័ព្ទ ២ភាគរយ គ្មានផ្លាកលេខសម្គាល់ ២ភាគរយ និងស្រវឹង ១ភាគរយ)។
* រថយន្តចំនួន ៥,៧៦១ករណី ស្មើ ២៦ភាគរយ ក្នុងនោះធុនធំ ១,២០៣ករណី (មិនពាក់ខ្សែក្រវាត់ ៥៣ភាគរយ ល្មើសល្បឿន ១៦ភាគរយ ប្រើទូរស័ព្ទ ១១ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៩ភាគរយ ដឹកលើសចំណុះ ៣ភាគរយ គ្មានផ្លាកលេខ ៣ភាគរយគ្មានបណ្ណបើកបរ ៣ភាគរយ ស្រវឹង ១ភាគរយ)។
នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ជាការកត់សម្គាល់ ការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤, លេខ៥, លេខ៦, លេខ៧, លេខ៨, លេខ៧៣, លេខ៧៨, លេខ៤១, លេខ៤៤ និងលេខ៥១ បានរកឃើញរថយន្តល្មើស និងពិន័យចំនួន ១,៨៩៣គ្រឿង ស្មើ ១,៩២៣ករណី (ក្នុងនោះរថយន្តធំ ចំនួន ៥៩៦គ្រឿង)។ ដោយឡែកការត្រួតពិនិត្យនៅ គោលដៅដើមទីកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញបានរកឃើញរថយន្តធំល្មើស និងពិន័យចំនួន ១១៩គ្រឿងស្មើ ២២៦ករណី។
អ្នកនាំក្រសួងមហាផ្ទៃរូបនេះ បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានី-ខេត្ត បានធ្វើការត្រួតពិនិត្យយានយន្តប្រចាំខែតុលា ឆ្នាំ២០២០ ទទួលបានលទ្ធផលសរុបចំនួន ៥,២៥១គ្រឿង ក្នុងនោះកាត់ទ្រូងចំនួន ០៧គ្រឿង ដោះរានតក្រោយចំនួន ០០គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន ០១គ្រឿង ណែនាំរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ១៦១គ្រឿង ដោះភ្លើងរថយន្តបំភ្លឺខុសលក្ខណៈបច្ចេកទេសចំនួន ០៨គ្រឿង រថយន្តខ្វះឯកសារចំនួន ២២គ្រឿង គ្មានបណ្ណបើកបរចំនួន ១១នាក់ ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន ០៥នាក់ រថយន្តត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន ៤,៦៣២គ្រឿង បញ្ជូនរថយន្ត ទៅស្នងការដ្ឋានចំនួន ២គ្រឿង បានធ្វើតេស្តរកសារជាតិញៀនអ្នកបើកបរ និងព្រូឡានចំនួន ១៣១នាក់ មានផ្ទុកសារជាតិញៀនចំនួន ១០នាក់តៃកុងឡាន ០១នាក់ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ២៣៨នាក់ មិនពាក់មួកសុវត្ថិភាព ១៦០នាក់ និងបកស្កុតខ្មៅរថយន្ត ០៣គ្រឿង។
ដោយឡែកខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ពុំមានសកម្មភាពឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត នៅតែខិតខំបន្តពង្រឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានយ៉ាងយកចិត្តទុកដាក់ ដោយជំរុញការត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់រាល់បទល្មើស រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតាមគ្រប់រូបភាព និងខិតខំដោះស្រាយបញ្ហាប្រឈមនៅសេសសល់។
ក្រុមការងារត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែខិតខំបន្តពង្រឹងការអនុវត្តច្បាប់ផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានយ៉ាងយកចិត្តទុកដាក់ដោយជំរុញការត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់រាល់បទល្មើសរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមគ្រប់រូបភាពពិតមែនតែនៅជួបបញ្ហាប្រឈមខ្លះក៏ដោយ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងខែតុលានេះក្រុមការងារក៏បានធ្វើការត្រួតពិនិត្យយានយន្តនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុសរុបចំនួន ២.៧១៩គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួន៧៤គ្រឿង ស្មើនឹង៣% រថយន្តត្រឹមត្រូវចំនួន ២.៦៤៥គ្រឿង ស្មើនឹង៩៧% ល្មើសលិខិតស្នាម ៥៧ករណី (បណ្ណបើកបរ ឆៀក លិខិតអនុញ្ញាតអាជីវកម្ម) ល្មើសលក្ខណៈបច្ចេកទេសរថយន្ត ១០១ករណី (កង់សឹក រនាំងខ្វះប៊ូឡុងតាកេកង់ គន្លឹះកុងតឺន័រ ភ្លើងបំភ្លឺ) រថយន្តល្មើសត្រូវទទួលការពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ព្រមទាំងទទួលបានថវិកាពិន័យសរុបចំនួន ៤៩,៥៧៥,០០០រៀល។ ក្នុងនោះនឹងបង់ចូលថវិកាជាតិ ន ិងអង្គភាពពាក់ព័ន្ធដែលមានទឹកសរុបចំនួន ១៤,៨៧២,៥០០រៀល៕